មួយថ្ងៃមនុស្សស្លាប់២នាក់និងរបួស៤នាក់នៅលើផ្លូវជាតិលេខ៤៨

កោះកុង ៖ រយៈពេលមួយថ្ងៃ នៅលើផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣លើក បណ្តាលឱ្យមនុស្សស្លាប់២នាក់និងរបួស៤នាក់។

ករណីទី១-មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នាយប់ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង៦ និង២៣នាទីយប់ នៅចំណុចផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៨-១២៩ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុក-ខេត្តកោះកុងបណ្តាលឱ្យស្លាប់ម្នាក់និងរបួស២នាក់។

សមត្ថកិច្ចបានផ្តល់ពត៌មាន​បឋមថា គ្រោះថ្នាក់ខាងលើនេះបង្កដោយរថយន្តដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯងបណ្តាលឱ្យស្លាប់ម្នាក់ប្រុស និងរងរបួសធ្ងន់ ០២ នាក់ប្រុស បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​។

ករណីទី២-បុរស​ម្នាក់​បាន​​បាត់​បង់​ជីវិត​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍មួយកើតឡើងនៅយប់​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នាវេលាម៉ោង១០ និង៥០នាទីយប់ លើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៤-៩៥ ស្ថិតក្នុង ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បង្កឡើងដោយខ្លួនឯង បណ្តាលមកពីបើកបរល្បឿនលឿនត្រង់ចំណុចផ្លូវកោង​រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ​។ 

សមត្ថកិច្ចនិយាយថា រថយន្តបង្កម៉ាក​ FORD ពណ៌ស ពាក់ស្លាកលេខ រដ្ឋ​ ០៧.២-០២១៦ អ្នកបើកបររថយន្តឈ្មោះ មុត បូរី ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង​ បានស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងប៉ូលិសស្រុកកោះកុងបា​នចុះអន្តរាគមន៍និងទំនាក់ទំនង ទៅសាច់ញាតិជនរងគ្រោះ​ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ករណីទី៣-មានករណីរថយន្តសណ្តោង បើកបុករថយន្តសាំងយ៉ុង បណ្តាលឱ្យរងរបួសធ្ងន់ ស្រាលពីរនាក់ នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ នៅវេលាម៉ោង​ ៨និង២០នាទី លើផ្លូវជាតិ លេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨​ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។ 

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ចរាចរណ៍ខាងលើរវាងរថយន្តសណ្តោងរ៉ឺម៉កបុកជាមួយរថយន្តសាំងយ៉ុង​ បើកបរទិសដៅបញ្ច្រាស់គ្នាដោយសារ​តែរថយន្តសណ្តោងចុះចំណោតចូលទៅបុកពីមុខរថយន្តសាំងយ៉ុង។ 

សមត្ថកិច្ចបន្តថា រថយន្តបង្ករម៉ាកហុីយនដាយប្រភេទសណ្តោងរឺម៉ក ពណ៌សក្បាលពាក់ស្លាកលេខ ភ្នំពេញ 3C-5543 និងរ៉ឺម៉កសណ្តោងពាក់ស្លាកលេខ​ ភ្នំពេញ4A-2836​ អ្នកបើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ទិសដៅពីភ្នំពេញទៅកោះកុង។

លុះដល់ចំណុចខាងលើ​ក៏បុកចំពីមុខរថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខ​ កោះកុង2B-8587​ទិសដៅពីកោះកុងទៅកំពត បើកបរដោយឈ្មោះ​ តឹប​ លេស ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ រងរបួសស្រាលនិង អ្នករួមដំណើរម្នាក់ឈ្មោះ កែវ សុខា ភេទស្រីអាយុ៦២ ឆ្នាំ​ ទីលំនៅភូមិអណ្តូងទឹក​ ឃុំអណ្តូងទឹក​ ស្រុក​បុទុមសាគរ​របួសធ្ងន់ជនរងគ្រោះ​ ត្រូវបញ្ជូនតាមរថយន្តសង្គ្រោះទៅមណ្ឌលសុខភាពត្រពាំងរូង៕

adverise with khmeread