ប្តីប្រពន្ធកំពុងដេកលើគ្រែមុខផ្ទះត្រូវរថយន្តមួយគ្រឿងបើកបុកស្លាប់ប្តី, ប្រពន្ធរបួសធ្ងន់

ភ្នំពេញ ៖ ប្តីបានស្លាប់ភ្លាមនិងប្រពន្ធរងរបួសធ្ងន់ដឹកទៅសង្គ្រោះបន្ទាន់ ខណៈកំពុងដេកលង់លក់នៅមុខផ្ទះស្កប់ស្កល់លើគ្រែ ហើយមានរថយន្តមួយគ្រឿងបើកបុកដើមឈើ ហើយរេចង្កូតបុកលើពួកគេតែម្តង ដែលគ្រោះថ្នាក់ខាងលើនេះកើតឡើង នៅវេលាម៉ោង១១និង ២០នាទី​យប់​ ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅក្នុងបុរីអង្គរ ផ្លូវបេតុង ​សង្កាត់ទួលសង្កែ២​ ខណ្ឌ​ឫស្សីកែវ​។

សមត្ថកិច្ចនិយាយថា រថយន្តបង្កម៉ាកកាមរីហាយប្រ៊ីត ពណ៌ស ស្លាកលេខភ្នំពេញ 2AT-7334 បើកបរដោយឈ្មោះ ប៉ៃ ប៊ុនលីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ ស្នាក់នៅផ្ទះលេខ C3 ក្នុងបុរីអង្គរ សង្កាត់ទួលសង្កែ២​ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ ត្រូវប៉ូលិសឃាត់ខ្លួន។

ចំណែកជនរងគ្រោះជាប្តីឈ្មោះ សៀក ជោគជ័យ អាយុ២០ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅស្រុកពារាំង ខេត្តព្រៃវែង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ប្រពន្ធឈ្មោះ នោ កណិដ្ឋា អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតជាមួយគ្នា។ ស្នាក់នៅបណ្តោះងាសន្ននៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា ដំបូង២នាក់ប្តីប្រពន្ធកំពុងដេកមុខសំយាបផ្ទះគេលង់លក់យ៉ាងស្កប់ស្កល់ ស្រាប់តែត្រូវបានរថយន្តមួយគ្រឿង បើកបរលឿនពីត្បូងទៅជើងដល់ផ្លូវកោងបត់មិនប្រយ័ត្ន ជ្រុលទៅបុកដើមឈើដួលមួយដើម ​ហើយបន្តទៅបុកគ្រែដេករបស់ជនរងគ្រោះ ដែលកំពុងដេកលង់លក់ក្រោមដំណក់ទឹកភ្លៀងរលឹម បណ្តាលឱ្យស្លាប់ប្តី​ និងប្រពន្ធរងរបួសធ្ងន់ ​ត្រូវបានបញ្ជូនទៅព្យាបាលសង្រ្គោះបន្ទាន់នៅគ្លីនិចពន្លឺ។

បច្ចុប្បន្នសពបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យនៅស្រុកកំណើត។រថយន្តនិងអ្នកបើកបរបញ្ជូនទៅការិយាល័យប៉ូលិសចរាចរណ៍រាជធានី ដោះស្រាយតាមច្បាប់៕


 

adverise with khmeread