ជនសង្ស័យ២នាក់លួចលុយក្នុងតូបលក់ដូរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ឧត្តរមានជ័យ ៖ មានករណីលួចលុយនៅតូបលក់ដូរ ដែលបង្កឡើងដោយជនសង្ស័យ២នាក់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក នៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ត្រូវបានកម្លាំងប៉ូលិសនិងប្រជាការពារចាប់ខ្លួនបានភ្លាម។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ ១-ឈ្មោះ ហឿន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរំចេក មុខរបរមិនពិតប្រាកដ និង ២-ឈ្មោះ ឆាយ គិនីន ហៅសក្តិ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង បានធ្វើសកម្មភាពចូលលួចលុយក្នុងតូបលក់ដូររបស់ជនរងគ្រោះ ឈ្មោះ ម៉ម សុធា ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង មុខរបរលក់ខោអាវ អស់ចំនួន ២០០,០០០ រៀល ( ម្ភៃម៉ឺនរៀល )  រួចហើយជិះម៉ូតូគេចខ្លួន។ 

ដកហូតបានវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី១៩៩៨ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ 1GU-5742, ប្រាក់រៀលចំនួន ១៤៣,៤០០រៀលនិងទូរស័ព្ទដៃ ម៉ាកNokia ១ គ្រឿង។

ភ្លាមៗនោះកម្លាំងប៉ូលិសស្រុកអន្លង់វែង និងកម្លាំងប្រជាការពារ បានល្បាតដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបាន យកមកកាន់អធិការដ្ឋានប៉ូលិសស្រុកអន្លង់វែង។ បច្ចុប្បន្ន ជនសង្ស័យខាងលើបានសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
 

adverise with khmeread