ថៃលែងជាគោលដៅទេសចរណ៍លេខ១របស់ចិន

ប្រទេសថៃបានបាត់បង់តំណែងលេខ១របស់ខ្លួនជាគោលដៅឆ្លងកាត់ព្រំដែនដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរមកពីចិនដីគោក នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន HSBC Holdings Plc ខណៈដែលប្រទេសជិតខាងរបស់ចិន គឺ ជប៉ុននិងកូរ៉េខាងត្បូងឡើងមកលេខ១និងលេខ២។

អ្នកវិភាគ Parash Jain បានសរសេរនៅក្នុងរបាយការណ៍ថា "ដកហុងកុងនិងម៉ាកាវចេញ ជប៉ុននិងកូរ៉េខាងត្បូងបានក្លាយជាគោលដៅឆ្លងកាត់ព្រំដែនដ៏ពេញនិយមបំផុតទាំងពីរ។ នេះពង្រឹងទស្សនៈរបស់យើងថាការធ្វើដំណើររយៈពេលខ្លីនឹងងើបឡើងលឿនជាងការធ្វើដំណើរអន្តរជាតិរយៈពេលយូរ"។

ការស្ទង់មតិ​ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែតុលាដល់ថ្ងៃទី ២ ខែវិច្ឆិកាក៏បានរកឃើញដែរថា ការកក់ជើងហោះហើរកំពុងត្រូវបានធ្វើឡើងបន្ថែមទៀតច្រើនជាងមុនពេលមានជំងឺរាតត្បាត ដែលអាចឆ្លុះបញ្ចាំងពីតម្រូវការកាន់តែច្រើនសម្រាប់ការធ្វើដំណើរកម្សាន្តជាជាងដំណើរអាជីវកម្ម។

លោក​ Jain បាននិយាយថា​អ្នកឆ្លើយតបការស្ទង់មតិភាគច្រើនបាននិយាយថាពួកគេត្រូវការយ៉ាងតិច ៦ ខែបន្ទាប់ពីការដាក់កំហិតចត្តាឡីស័កត្រូវបានបន្ធូរបន្ថយដើម្បីមានអារម្មណ៍ស្រណុកចិត្តជាមួយនឹងការធ្វើដំណើរអន្តរជាតិ ហើយវ៉ាក់សាំងដែលមានប្រសិទ្ធិភាពគឺជាគន្លឹះក្នុងការបង្កើនទំនុកចិត្ត។ ការស្ទង់មតិនេះក៏បានបង្ហាញដែរថា មនុស្សមានទំនុកចិត្តច្រើនជាងមុនចំពោះការធ្វើដំណើរក្នុងស្រុកដោយសារភាពជោគជ័យរបស់ចិនក្នុងការទប់ទល់នឹងវីរុសកូរ៉ូណា៕ ប្រភព ៖​​ Bangkok Post

adverise with khmeread