មនុស្សនៅទីក្រុងមួយរបស់ចិនភ្ញាក់ផ្អើលខ្លាំង ដែលទឹកម៉ាស៊ីនរបស់ពួកគេអាចដុតឆេះ!

អ្នករស់នៅក្នុងទីក្រុងមួយនៅប្រទេសចិនមានការភិតភ័យយ៉ាងខ្លាំង នៅពេលដែលពួកគេរកឃើញថាទឹកម៉ាស៊ីនរបស់ពួកគេអាចឆេះបានដោយប៉ះជាមួយចំហេះភ្លើង។

វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលបានបង្ហាញពីទឹកស្អាតបានប្រែទៅជាអណ្តាតភ្លើង បន្ទាប់ពីអ្នកស្រុកមួយរូបបានដុតវាជាមួយនឹងភ្លើងនៅក្នុងទីក្រុង Panjin ខេត្ត Liaoning។

អាជ្ញាធរ Panjin បានអះអាងកាលពីម្សិលមិញថា ឧបទ្ទវហេតុនេះគឺជាបណ្តាលមកពីហ្គាសធម្មជាតិធ្លាយចូលទៅក្នុងទឹកស្អាតក្រោមដី ដែលត្រូវបានចែកចាយទៅដល់អ្នកស្រុកក្នុងតំបន់។

ឧបទ្ទវហេតុនេះបានបែកធ្លាយ បន្ទាប់អ្នករស់នៅក្នុងតំបន់មួយរូបឈ្មោះ Wen បានចែករំលែកវីដេអូនេះតាមអ៊ីនធឺណេតនាពេលថ្មីៗនេះ ដោយបន្ថែមថាក្រុមគ្រួសាររបស់នាងមានបញ្ហាដោយសារបញ្ហានេះ "រយៈពេល ៣ ទៅ ៤ឆ្នាំមកហើយ"។

នាងបាននិយាយថា "វាមានរយៈពេលយូរណាស់មកហើយ។ បន្ទាប់ពីលាងដៃ ឬលាងចាន យើងនឹងមិនមានអារម្មណ៍ថាដៃរបស់យើងស្ងួតនោះទេ។ យើងមានអារម្មណ៍ថាដៃរបស់យើងរអិល ហើយយើងមិនអាចលាងវាជ្រះនោះទេ"។

នៅពេលដែលឪពុករបស់ស្ត្រីរូបនេះបានត្អូញត្អែរអំពីបញ្ហានេះជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងតំបន់នារដូវក្តៅ បុគ្គលិកបានប្រាប់ក្រុមគ្រួសារនេះថា "វាគឺបានចេញមកពីដៃរបស់ពួកគេ"។ នេះបើយោងតាមសម្តីរបស់នាង Wen។

នាងបន្តថាជាង ១០០គ្រួសារនៅក្នុងភូមិរបស់នាងបានរស់នៅជាមួយបញ្ហាដូចគ្នានេះ។

វីដេអូនេះបានទាក់ទាញការចាប់អារម្មណ៍ទូទាំងប្រទេសយ៉ាងឆាប់រហ័សតាមអ៊ីនធឺណេត បន្ទាប់ពីមានការចុះផ្សាយដោយបណ្តាញព័ត៌មានរដ្ឋជាច្រើនរួមមាន People's Daily និង CCTV។

បន្ទាប់ពីវីដេអូនេះល្បីល្បាញ អាជ្ញាធរមូលដ្ឋានបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយនិយាយថា ពួកគេបានប្តូរប្រភពទឹកជាបណ្តោះអាសន្នសម្រាប់តំបន់ដែលរងផលប៉ះពាល់ ខណៈកំពុងស៊ើបអង្កេតបញ្ហានេះ។

កាលពីថ្ងៃចន្ទមន្ត្រីបានបញ្ជាក់ថា ទឹកម៉ាស៊ីនដែលអាចឆេះបាននេះបណ្តាលមកពី "បរិមាណឧស្ម័នធម្មជាតិមួយចំនួនតូចធ្លាយចូលទៅក្នុងទឹកក្រោមដី"។

សេចក្តីថ្លែងការណ៍ចុងក្រោយបានលើកឡើងថា "ប្រភពទឹកសម្រាប់ភូមិ Siying កន្លែងដែលអ្នកភូមិកើតហេតុរស់នៅ គឺត្រូវបានផ្គត់ផ្គង់ដោយទឹកក្រោមដីជម្រៅជ្រៅ។ បន្ទាប់ពីបរិមាណឧស្ម័នធម្មជាតិតូចមួយបានធ្លាយចូលក្នុងស្រទាប់ទឹក ឧស្ម័នធម្មជាតិនេះត្រូវបាននាំមកផ្ទៃខាងលើអំឡុងការទាញយកទឹកមកប្រើប្រាស់"។

ទោះបីជាអ្នកភូមិអះអាងថាបញ្ហានេះមានជាយូរមកហើយក៏ដោយក៏អាជ្ញាធរបានទទូចថា ពួកគេទើបតែចាប់ផ្តើមផ្គត់ផ្គង់ទឹកក្រោមដីនេះក្នុងអំឡុងពេលជួសជុលស្ថានីយទឹកក្នុងតំបន់ប៉ុណ្ណោះ។

រដ្ឋាភិបាលក៏បានសន្យាផងដែរថា ពួកគេនឹងឱ្យបុគ្គលិកពាក់ព័ន្ធទទួលខុសត្រូវលើឧបទ្ទវហេតុនេះ៕ ប្រភព ៖ Daily Mail

 

adverise with khmeread