ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង កើតឡើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធំ ប្រភេទបែនយីឌុបដឹកកម្ទេចថ្មបើកកៀរហើយកិនម៉ូតូម៉ាក PCX កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ខាងកើតផ្សារបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចនិយាយថា សពជនរងគ្រោះយោងតាមឯកសារ អត្តសញ្ញាណបណ្ណនៅជាប់តាមខ្លួន មានឈ្មោះ អឿន ចិន្តា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IG-0193 ជាមធ្យោបាយ។
ចំណែករថយន្តបង្កធុនធំប្រភេទបែនយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2156 ដឹកកម្ទេចថ្មពេញរថយន្ត ហើយអ្នកបើកបរក្រោយកើតហេតុភ្លាម បន្តបើកចេញពីកន្លែងកើតហេតុចម្ងាយជាង២០០ម៉ែត្រទើបឈប់ចុះរត់គេចខ្លួនបាត់តែម្តង។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ តាមបណ្តោយផ្លូវ៣០ម៉ែត្រពីលិចទៅកើត, លុះដល់ចំណុចកើតហេតុរថយន្តបង្កបើកល្បឿនលឿនស្របទិសគ្នាកៀរជនរងគ្រោះដួលហើយកិនអូសជាង១០ម៉ែត្របណ្តាលឱ្យស្លាប់ធ្លាយពោះបែកក្បាលខ្ទេច ហើយរថយន្តបន្តដំណើរទៅមុខបានចម្ងាយជាង២០០ម៉ែត្រ ទើបឈប់អ្នកបើកបរក៏លោតចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និង កម្លាំងជំនាញចុះទៅដល់ទីតាំងកើតហេតុ ពិនិត្យនិងរកឃើញឯកសារ អត្តសញ្ញាណបណ្ណ ជនរងគ្រោះ ធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯរថយន្តបង្កនិងម៉ូតូសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
