ជនសង្ស័យ៣នាក់កំពុងធ្វើសកម្មភាពលួចដែកនៅការដ្ឋានសំណង់ត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួន ខណៈកំពុងប្រព្រឹត្តអំពើលួចដែកនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ត្រង់ចំណុចផ្ទះល្វែងកំពុងសាងសង់ផ្លូវលេខ១០៤ ភូមិក្រាំងក្រួច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស៊ុន សារិន ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ ទីលំនៅភូមិទី២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ចំណែកជនសង្ស័យ០៣នាក់រួមមាន ១-ឈ្មោះប៉ាល់ ប៊ុនថន ហៅជ្រុយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ, ២-ឈ្មោះ ឡុង ស៊ីដានី ហៅ ជឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ៣-ឈ្មោះ សឿន សំបូរ ហៅ យួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ជនសង្ស័យទាំង០៣នាក់ មានសារធាតុញៀន)។

វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់តូច, កាំបិតប៉័ងតោចំនួន០២, ដង្កាប់ចំនួន០១, កាបូបស្ពាយពណ៌សូកូឡាចំនួន០១, ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ (ម៉ូតូចាស់) មានកន្ទុយរ៉ឺម៉កចំនួន០១គ្រឿង, ទ្វារដែកចំនួន០១, ម៉ូទ័រពណ៌លឿងចំនួន០២គ្រឿង, គ្រោងបង្អួចចំនួន០១ផ្ទាំង, ដែកពុម្ពសរសរចំនួន០៤ផ្ទាំងនិងដែកកំណាត់តូចៗមួយចំនួន។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៣ និង៣០នាទី ជនរងគ្រោះឈ្មោះ ស៊ុន សារិន ភេទប្រុស អាយុ៧១ឆ្នាំកំពុងតែដេកនៅផ្ទះ ស្ថិតនៅភូមិទី២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ស្រាប់តែឈ្មោះ អ៊ឹង កាន់ណា ភេទស្រី អាយុ៤០ឆ្នាំ ដែលជាពលរដ្ឋមានផ្ទះក្បែរផ្ទះល្វែងជនរងគ្រោះកំពុងសាងសង់បានទូរស័ព្ទប្រាប់ជនរងគ្រោះថា «មានចោរចូលលួចសម្ភារៈគ្រឿងសំណង់ នៅផ្ទះល្វែងរបស់ជនរងគ្រោះដែលកំពុងសាងសង់ ស្ថិតនៅភូមិក្រាំងក្រួច សង្កាត់ទៀន ខណ្ឌដង្កោ»។  

ពេលនោះជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលទៀន ឱ្យជួយអន្តរាគមន៍ រួចសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការ ឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ គឺឈ្មោះ ប៉ាល់ ប៊ុនថន ហៅជ្រុយ, ឈ្មោះ ឡុង ស៊ីដានី និងឈ្មោះសឿន សំបូរ ហៅយួន រួមជាមួយវត្ថុតាងមួយចំនួន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទៀនតាមនីតិវីធីច្បាប់។ 

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា «ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចសម្ភារៈគ្រឿងសំណង់របស់ជនរងគ្រោះប្រាកដមែន» ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទៀន ដើម្បីឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យ ខាងលើតាមនីតិវិធីច្បាប់តែម្តង៕

adverise with khmeread