យោធាចិនតេស្តមើលសមត្ថភាពម៉ាស៊ីនផលិតក្នុងស្រុកសម្រាប់យន្តហោះដឹកជញ្ជូន Y-20 ទុកសម្រាប់ដឹករថក្រោះទំនើបបំផុតទៅសមរភូមិ

ប្រទេសចិនកំពុងសាកល្បងមើលសមត្ថភាពម៉ាស៊ីនផលិតក្នុងស្រុកសម្រាប់យន្តហោះដឹកជញ្ជូនយោធារបស់ខ្លួន ដែលអាចជំនួសម៉ាស៊ីនរបស់រុស្ស៊ី ដែលកងយន្តហោះបច្ចុប្បន្នពឹងផ្អែក និង បង្កើនចំណុះផ្ទុកបានបន្ថែមប្រហែល ២០ ភាគរយទៀត នេះបើយោងតាមប្រភពយោធា។

ការបង្កើនសមត្ថភាពនេះមានន័យថាឥឡូវនេះយន្តហោះនេះអាចដឹករថក្រោះទំនើបបំផុតរបស់ចិនទម្ងន់ ៥៨​​ តោន ធុន 99A ដែលធ្ងន់ពេក ម៉ាស៊ីនបច្ចុប្បន្នមិនអាចដឹកបានទេ។

ចិនជួបការលំបាកជាយូរមកហើយក្នុងការផលិតម៉ាស៊ីនដែលមានគុណភាពខ្ពស់សម្រាប់យន្តហោះចម្បាំងរបស់ខ្លួន ដោយទុកឱ្យយោធាពឹងផ្អែកលើម៉ាស៊ីនរបស់រុស្ស៊ីដើម្បីផ្តល់ថាមពលដល់យន្តហោះខ្លះរបស់ខ្លួន។

ប្រភពនិយាយថា ម៉ាស៊ីន WS-20 ត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យយន្តហោះនូវការផ្ទុកទម្ងន់ធ្ងន់ជាងមុននិងហោះបានយូរជាងមុន ហើយនឹងត្រូវបានដំឡើងនៅលើយន្តហោះធុន Y-20 សម្រាប់ការធ្វើតេស្តសាកល្បង។

ប្រភពដដែលបានបន្តទៀតថា "គេប្រហែលជាត្រូវការពេល ៣ ឆ្នាំឬច្រើនជាងនេះដើម្បីដំឡើងម៉ាស៊ីនបែបនេះទៅយន្តហោះដឹកជញ្ជូនផ្សេងទៀត"។

យន្តហោះ Y-20 ដែលបង្កើតឡើងដោយក្រុមហ៊ុន Xian Aircraft Industry Corporation គឺជាយន្ដហោះចម្បាំងធំជាងគេបំផុតនៅក្នុងកងកម្លាំងទ័ពអាកាសចិន។ បច្ចុប្បន្នវាត្រូវបានបំពាក់ដោយម៉ាស៊ីន Soloviev D-30 ដែលអាចឱ្យវាហោះបានចម្ងាយ ៧.៥០០ គីឡូម៉ែត្រ និង សមត្ថភាពដឹកជញ្ជូនបាន ៥៥ តោន។

ក្រុមហ៊ុនផលិតយន្ដហោះនេះបាននិយាយថា ម៉ាស៊ីនថ្មី WS-20 ដែលរចនាឡើងដោយវិទ្យាស្ថានស្រាវជ្រាវម៉ាស៊ីនយន្តហោះសិនយ៉ាង នឹងបង្កើនសមត្ថភាពដឹកពី ៥៥ តោនទៅ ៦៦ តោន៕ ប្រភព ៖ South China Morning Post

adverise with khmeread