មនុស្សរាប់ម៉ឺននាក់ចូលរួមបុណ្យសពលោក Maradona នៅវិមានរបស់ប្រធានាធិបតី

អ្នកគាំទ្ររាប់ម៉ឺននាក់បានចូលរួមគោរពវិញ្ញាណក្ខន្ធវីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona នៅវិមានប្រធានាធិបតីក្នុងទីក្រុង Buenos Aires កាលពីម្សិលមិញ។

ការកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃបានចាប់ផ្តើមនៅក្នុងប្រទេសអាហ្សង់ទីន បន្ទាប់ពីវីរបុរសជាតិរូបនេះបានស្លាប់ បន្ទាប់ពីគាំងបេះដូងកាលពីថ្ងៃពុធនៅអាយុ ៦០ឆ្នាំ។

មនុស្សជាច្រើនបានយំសោកនិងបួងសួង ខណៈដែលក្បួនដង្ហែមឈូសធ្វើឡើងនៅឯវិមានប្រធានាធិបតី Casa Rosada។

មនុស្សមួយលាននាក់ត្រូវបានគេរំពឹងថានឹងមកទស្សនាមឈូសរបស់គាត់។

មានទិដ្ឋភាពតានតឹងនៅពេលដែលវិមាន Casa Rosada បានបើកទ្វាររបស់ខ្លួន ខណៈដែលអ្នកគាំទ្រខ្លះបានរុញច្រានគ្នា និងច្រានរនាំងដែលត្រូវបានតម្រៀបជាមួយកងសន្តិសុខ។ ក្រុមគ្រួសារ និងអតីតមិត្តរួមក្រុមរបស់គាត់បានចូលរួមក្នុងពិធីឯកជនមួយសម្រាប់លោក។

កីឡាករបាល់ទាត់ឆ្នើមបំផុតគ្រប់ជំនាន់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់លោក Maradona មានបញ្ហាផ្ទាល់ផងដែរគឺញៀនកូកាអ៊ីន និងញៀនស្រា។ គាត់បានទទួលជោគជ័យក្នុងការវះកាត់កំណកឈាមនៅក្នុងខួរក្បាលកាលពីដើមខែវិច្ឆិកា ហើយគាត់ត្រូវទទួលការព្យាបាលសម្រាប់ការញៀនស្រាខ្លាំង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លទ្ធផលបឋមនៃការធ្វើកោសល្យវិច័យបង្ហាញថា Maradona បានទទួលរងនូវ "ការគាំងបេះដូងរ៉ាំរ៉ៃ" ។ អ្នកនាំពាក្យមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់នឹងត្រូវគេយកទៅតម្កល់នៅក្នុងទីបញ្ចុះសពមួយនៅជាយក្រុង Buenos Aires ដែលឪពុកម្តាយរបស់គាត់ក៏ត្រូវបានគេបញ្ចុះផងដែរ៕

adverise with khmeread