ឃាត់បុរសម្នាក់ដែលមានប្រវត្តិមិនល្អពីមុន, បានយកដុំថ្មគប់បែកកញ្ចក់ទ្វារផ្ទះគេ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលមានប្រវត្តិធ្លាប់ជាប់គុកនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសថ្មីមួយទៀតគឺធ្វើឱ្យខូចខាតដោយចេតនា នូវ ទ្រព្យសម្បត្តិអ្នកដទៃ ដោយប្រើដុំថ្មគប់បែកកញ្ចក់ទ្វារផ្ទះ នៅផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ គឹម ឡុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ  ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ លី ដារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនសង្ស័យផឹកស្រាស្រវឹងដើរស្រែកឡូឡា ពេលនោះជនរងគ្រោះក៏ចេញពីក្នុងផ្ទះមកមើល ស្រាប់តែជនសង្ស័យយកដុំ០២ដុំ គប់ទៅលើផ្ទះជនរងគ្រោះបណ្តាលឱ្យបែកកញ្ចក់ទ្វារផ្ទះជនរងគ្រោះអស់០១ផ្ទាំង រួចជនរងគ្រោះក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួន ជនសង្ស័យ រួមជាមួយវត្ថុតាងដុំថ្ម០២ដុំ បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ 

សូមបញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០១ឆ្នាំក្នុងឆ្នាំ២០១៩ ពីបទ «លួច» ហើយក៏កំពុងប្រើប្រាស់គ្រឿងញៀនផងដែរ៕


 

adverise with khmeread