អាវុធហត្ថខេត្តស្ទឹងត្រែងបង្ហាញមុខជនសង្ស័យម្នាក់យកលុយក្លែងក្លាយទិញទំនិញពីអាជីវករ

ស្ទឹងត្រែង ៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ហាញមុខជនសង្ស័យម្នាក់នាថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២០ បន្ទាប់ពីជនសង្ស័យរូបនេះ បានយកលុយក្លែងក្លាយទៅទិញទំនិញពីអាជីវករលក់ដូរ ហើយគេចខ្លួនកាលពីវេលាម៉ោង០៩ និង១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀបបូក ខេត្តស្ទឹងត្រែង។

មន្ត្រីអាវុធហត្ថនិយាយថា  ដំបូងមានជនរងគ្រោះ៣នាក់ បាននាំគ្នាជិះម៉ូតូដេញតាមពី ក្រោយជនសង្ស័យម្នាក់ឈ្មោះ លី គ្រីយ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតមកដល់ចូលប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថនៅស្នាក់ការសន្តិសុខ ៧២២ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ មូលហេតុដោយជនសង្ស័យរូបនេះ បានយកក្រដាសប្រាក់ក្លែងក្លាយទិញអីវ៉ាន់របស់ពួកគាត់។

មន្ត្រីអាវុធហត្ថបន្តថា ​ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងកម្លាំងអាវុធហត្ថ បានធ្វើការត្រួតពិនិត្យក្នុងហោប៉ៅ និងក្រោមកែប ម៉ូតូរបស់ជនសង្ស័យចាប់យកវត្ថុតាងរួមមានក្រដាសប្រាក់ ១ម៉ឺនរៀលក្លែងក្លាយចំនួន១៨សន្លឹក, ក្រដាសប្រាក់១០ដុល្លារក្លែងក្លាយចំនួន១១សន្លឹក, លុយរៀលសុទ្ធចំនួន ៧,៤៨៥,០០០ រៀល និងម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2RB-3668។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានមន្ត្រីជំនាញអាវុធហត្ថកសាងសំណុំរឿងការតាមនីតិវិធី៕

adverise with khmeread