ភ្នំពេញ ៖ បុរសជនជាតិអាឡឺម៉ង់ម្នាក់នៅសុខៗដេកស្លាប់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១០Gផ្លូវបេតុង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចនិយាយថា សពឈ្មោះ MICHAEL WILIHEM ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិ អាឡឺម៉ង់ មុខរបរនៅផ្ទះ កាន់លិខិតឆ្លងដែនលេខ C4KX66kRN ស្នាក់នៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា កាលពីឆ្នាំ២០១៣ ជនរងគ្រោះនិងឈ្មោះ ណែម ឆវី បានស្រឡាញ់គ្នាតែគ្មានរៀបអាពាហ៍ពិពាហ៍ទេ ហើយក៏គ្មានកូនដែ។ ក្រោយមកជនរងគ្រោះនៅឆ្នាំ២០១៣ មានជំងឺលើសឈាមនិងបេះដូងឈ្មោះ ណែម ឆវី បាននាំទៅព្យាបាលនៅគ្លីនិកផ្សេងៗជាច្រើន។ ជាទម្លាប់ជារៀងរាល់ថ្ងៃជនរងគ្រោះចូលចិត្តហូបស្រាម៉ាកវ៉ូតកាចំណុះ៤០អង្សារសេ ក្នុងមួយថ្ងៃអស់កន្លះដបទៅមួយដប។
លុះដល់ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០ ម៉ោង០៥ និង៣០នាទីទៀបភ្លឺប្រពន្ធបានចេញទៅធ្វើការជាគ្រូពេទ្យប្រចាំណាហ្គាវើលនិងអ៊ីអនពី។ ចំណែកឈ្មោះ ណែម វណ្ណ: ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាបងបង្កើតរបស់ឈ្មោះ ណែម ឆវី នៅម៉ោង៩ព្រឹកក៏បានចេញទៅធ្វើការដែរ ដោយជនរងគ្រោះនៅផ្ទះម្នាក់ឯង។ រហូតដល់ម៉ោង៦ និង៣០នាទីល្ងាចប្រពន្ធបានត្រឡប់មកពីធ្វើការវិញ ចាក់សោចូលផ្ទះ និងឡើងទៅចាក់សោលើបន្ទប់ឡៅតឿស្រាប់តែឃើញប្តីដែលជាជនរងគ្រោះបានដេកស្លាប់នៅក្នុងបន្ទប់តែម្តងហើយក៏រាយការជូនសមត្ថកិច្ច។
ក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យនិងធ្វើកោសល្យពិច័យបានបញ្ជាក់ថា «ជនរងគ្រោះស្លាប់ដោយសារជំងឺលើសឈាម»។ បច្ចុប្បន្នសពយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំស្ថានទូតមកទទួល៕
