ក្លឹប Tottenham និង West Ham ស្ថិតក្នុងចំណោមក្លឹបមួយចំនួនដែលកំពុងតែបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Olivier Giroud របស់ក្លឹប Chelsea ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមានបំណងចាកចេញពីពហុកីឡាដ្ឋាន Stamford Bridge នៅខែមករា ដើម្បីស្វែងរកឱកាសចូលក្នុងក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួត Euro 2020 នៅរដូវក្តៅឆ្នាំក្រោយ។
លោក Frank Lampard បានអះអាងថា Giroud នៅតែជាផ្នែកមួយដែលត្រូវលេង បន្ទាប់ពីកីឡាកររូបនេះរកបានគ្រាប់បាល់ចុងម៉ោង អំឡុងពេលប្រកួតឈ្នះក្រុម Rennes ២-១ នៅក្របខណ្ឌ Champions League ។
ប៉ុន្តែតាមព័ត៌មានថា ក្លឹប Spurs និង West Ham ចង់ពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនដោយគ្រោងនឹងចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យ៣៤ឆ្នាំរូបនេះ។
ទោះបីជាយ៉ាងណា ពួកគេអាចនឹងប្រឈមការប្រកួតប្រជែងផងដែរ ស្របពេលក្លឹប PSG, Inter Milan និង Inter Miami សុទ្ធតែតាមឃ្លាំមើលស្ថានភាពរបស់ខ្សែប្រយុទ្ធរូបនេះ។
Giroud រំពឹងថា នឹងចាកចេញពីពហុកីឡាដ្ឋាន Stamford Bridge នៅរដូវក្តៅនេះ ដោយសារពិបាកក្នុងការស្វែងរកឱកាសលេង បន្ទាប់ពីការតែងតាំងលោក Frank Lampard ជាគ្រូបង្វឹក។
ខ្សែប្រយុទ្ធរូបនេះចាប់ផ្តើមមានទម្រង់លេងល្អនៅចុងរដូវកាលមុន ហើយត្រូវបានផ្តល់កិច្ចសន្យា១២ខែទៀត។ ប៉ុន្តែដោយក្លឹប Chelsea មានជម្រើសខ្សែប្រយុទ្ធច្រើនកាលពីរដូវក្តៅ ដូច្នេះ Giroud បានបាត់បង់លំដាប់រៀងនៅពហុកីឡាដ្ឋាន Stamford Bridge ៕
