លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចាកចេញពីសេតវិមានប្រសិនបើលោក ចូ បាយដិន ត្រូវបានបញ្ជាក់ជាផ្លូវការក្នុងនាមជាប្រធានាធិបតីអាមេរិកបន្ទាប់ដោយអង្គបោះឆ្នោត។
ប្រធានាធិបតីរូបនេះបានបដិសេធមិនទទួលយកការបរាជ័យនៅក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ហើយបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា វានឹង "ពិបាក" ក្នុងយល់ព្រមចុះចាញ់។
លោកក៏បានអះអាងម្តងហើយម្តងទៀតដោយគ្មានមូលដ្ឋានច្បាស់លាស់អំពីការក្លែងបន្លំ។
លោក បាយដិន បាននាំមុខលោក ត្រាំ ៣០៦ ពិន្ទុទល់នឹង ២៣២ ក្រោមប្រព័ន្ធអង្គបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិក។
ចំនួនសរុបគឺច្រើនជាងចំនួន២៧០ ដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី ហើយលោក បាយដិន ក៏បាននាំមុខសន្លឹកឆ្នោតជាង ៦លានសន្លឹកផងដែរ។
ការប្រកាសអ្នកឈ្នះជាផ្លូវការនឹងធ្វើឡើងនៅខែក្រោយ ខណៈដែលបេក្ខជនបក្សប្រជាធិបតេយ្យលោក បាយដិន នឹងធ្វើសច្ចាប្រនិធានក្នុងនាមជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា៕
