ឆបោកយកទូរស័ព្ទ៤លើកតាមរយៈ Facebook, ចុងក្រោយឆបោកប៉ះចំចែម្នាក់ដាច់ផ្ងារ

កណ្តាល ៖ ជនសង្ស័យម្នាក់ ឆបោកយកទូរស័ព្ទ៤លើកតាមរយៈ Facebook, ចុងក្រោយបោកប៉ះចំចែម្នាក់ប្តឹងដល់ប៉ូលិសស្រុកអង្គស្នួលឱ្យឃាត់ខ្លួន នាថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ពីបានធ្វើសកម្មភាពឆបោកយកទូរស័ព្ទតាមប្រព័ន្ធFacebookជាច្រើនគ្រឿង កាលពីថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង៤ និង៥នាទីល្ងាច នៅចំណុចភូមិអូរឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឃួន គន្ធា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ទូរស័ព្ទអនឡាញ នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈបាត់បង់ ទូរស័ព្ទដៃចំនួនបួនគ្រឿងក្នុងនោះមាន ម៉ាក OPPO F1F ចំនួនមួយគ្រឿង​, ម៉ាកOPPO F9ចំនួនពីរគ្រឿង និងម៉ាក iPhone7 plus ចំនួនមួយគ្រឿង។

ចំណែកជនសង្ស័យឈ្មោះ ខ្នា វ៉ាន់ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបររថយន្ត នៅភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន ១-ទូរស័ព្ទចំនួនបីគ្រឿងក្នុងនោះមាន (ម៉ាកiPhone7 plus ចំនួនមួយគ្រឿង, ម៉ាក iPhone6 plus ចំនួនមួយគ្រឿង និងម៉ាកOPPO A5 (2020) ចំនួនមួយគ្រឿង), ២-លោហៈធាតុពណ៌លឿងសង្ស័យផ្លាកទីន (ជាខ្សែកចំនួន០១ខ្សែ និង ផ្លាកដៃចំនួន០១ខ្សែ), ៣-កាបូបដៃ ពណ៌ខ្មៅចំនួនមួយ, ៤-ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BI-8821​។
              
ប៉ូលិសបន្តថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានឡាយលក់ទូរស័ព្ទតាមប្រព័ន្ធ Facebook ឈ្មោះ Srey pin online shops​។ ពេលនោះជនសង្ស័យបានចូលមើលក្នុងផេកនោះ ហើយបានឃើញមានអតិថិជនទិញទូរស័ព្ទម៉ាកiPhone7 plus មួយគ្រឿងតាមផេក។ បន្ទាប់មកជនសង្ស័យបានប្រើប្រាស់ប្រព័ន្ធ Facebook ឈ្មោះ Srey pin online shops ដែលខ្លួនបានបង្កើតទុកនោះ ឆាតទៅអតិថិជនឱ្យផ្ញើលុយតាមវីង ហើយផ្ញើលេខកូតវីង ចូលក្នុងឆាតហ្វេសប៊ុករបស់ខ្លួន។ 

ប៉ូលិសបន្តថា នៅពេលទទួលបានលេខកូតវីងពីអតិថិជនហើយ ជនសង្ស័យបានយក Facebook ឈ្មោះ Khmeng Khmer ផ្ញើលេខកូតវីងនោះទៅក្នុងផេកឈ្មោះ Srey pin online shops ជារបស់ជនរងគ្រោះ ហើយជនសង្ស័យបានដាក់លេខទូរស័ព្ទរបស់ខ្លួនលេខ 093356455 ជាអ្នកទទួលរបស់វិញ​។ ក្រោយពីជនរងគ្រោះទទួលបានលេខកូតវីងហើយ ជនរងគ្រោះក៏បានផ្ញើទូរស័ព្ទនោះតាមរថយន្តតាក់ស៊ីទៅឱ្យ។ 

ប៉ូលិសបន្តទៀតថា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១០ព្រឹកមានអតិថិជនបានទៅដល់ហាងលក់ទូរស័ព្ទ ហើយនិយាយថា «មិនឃើញផ្ញើទូរស័ព្ទឱ្យគាត់សោះ ទើបជនរងគ្រោះដឹងថាមានគេបោក»។ លុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១ និង២០នាទីរសៀល ជនរងគ្រោះបានទាក់ទងតាមលេខទូរស័ព្ទរបស់ជនសង្ស័យថា «ផ្ញើទូរស័ព្ទម៉ាក oppo ទៅឱ្យមួយគ្រឿងទៀត ហើយបានណាត់កន្លែងជួបគ្នានៅផ្លូវជាតិលេខ៤ មុខផ្សារថ្នល់ទទឹង» ទើបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យមកប្រគល់ឱ្យសមត្ថកិច្ចតែម្ដងទៅ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា «ខ្លួនបានធ្លាប់បោកតាមប្រព័ន្ធ Facebook បានចំនួន០៤ដងមកហើយ»។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ូលិសជំនាញបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកអង្គស្នួលចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread