ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូត្រូវរថយន្តដឹកដីខ្សាច់កិន កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតនៅត្រង់ចំណុចស្ថានីយ៍បូមទឹកបឹងត្របែក តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុត សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជាជាងកាត់សក់ ស្នាក់នៅក្នសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ជិះម៉ូតូម៉ាក QBIX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6599។ ឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ ពាក់ស្លាកលេខ TK-1985 បើកបរដោយ ឈ្មោះ ហឿង រ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានបន្តថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូជនរងគ្រោះ និងរថយន្តបង្កជិះស្របទិសគ្នា ខណៈពេលដែលជិះមកដល់ត្រង់ចំណុចស្ថានីយបូមទឹកបឹងត្របែក ក៏មានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបានទាក់ដៃចង្កូតគ្នាបណ្ដាលឱ្យដួល ពេលនោះរថយន្តដឹកខ្សាច់លឿនមកពីក្រោយកិនពីលើស្លាប់តែម្ដង។
ក្រោយពេលកើតហេតុរថយន្តដឹកខ្សាច់ខាងលើ បានបើករត់គេចចេញទីតាំងកើតហេតុ តែត្រូវសមត្ថកិច្ច ដេញតាមពីក្រោយរហូតដល់ត្រង់ចំណុចផ្លូវ៦០ម៉ត្រក៏ត្រូវឃាត់បានតែម្តង៕
