អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់ត្រូវគេលួចធ្វើឃាតកណ្តាលរដ្ឋធានីតេហេរ៉ង់

អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ម្នាក់ដែលមានឈ្មោះថា "បិតានៃកម្មវិធីគ្រាប់បែករបស់របបអ៊ីរ៉ង់" ត្រូវគេធ្វើឃាតកាលពីថ្ងៃសុក្រទី២៧វិច្ឆិកា។

លោក Mohsen Fakhrizadeh-Mahabadi ជាសាស្រ្តាចារ្យរូបវិទ្យានិងជាអតីតមន្រ្តីម្នាក់នៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងរថយន្តរបស់គាត់ បន្ទាប់ពីមានការបំផ្ទុះ ហើយបន្ទាប់មកសំឡេងបាញ់កាំភ្លើងយន្តបានកើតឡើងនៅជិតទីក្រុងតេហេរ៉ង់។

អ្នករងរបួសនៅក្នុងការវាយប្រហារនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះលោក Fakhrizadeh-Mahabadi បានទេ។

ការធ្វើឃាតនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែលត្រូវបានគេប្រាប់ឱ្យត្រៀមខ្លួនសម្រាប់លទ្ធភាពអាមេរិកវាយអ៊ីរ៉ង់ មុនពេលបញ្ចប់អាណត្តិរបស់លោកដូណាល់ត្រាំជាប្រធានាធិបតី។

មន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលបានព្រមានពី "រយៈពេលដ៏រសើប" មួយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ នៅពេលដែលលោកត្រាំត្រៀមដកខ្លួនចេញពីតំណែងដើម្បីផ្ទេរអំណាចទៅឱ្យប្រធានាធិបតីជាប់ឆ្នោតលោកចូបាយដិន។

រហូតមកទល់ពេលនេះអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីមរណភាពរបស់លោក Fakhrizadeh-Mahabadi ដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ធ្លាប់បានអំពាវនាវនៅក្នុងសន្និសីទកាសែតមួយដោយនិយាយថា "ចងចាំឈ្មោះនោះទុក" ។

អ៊ីស្រាអែលត្រូវបានគេសង្ស័យជាយូរមកហើយអំពីការធ្វើសកម្មភាពសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ជាហូរហែជិតមួយទសវត្សរ៍កន្លងមកនេះ។

លោក Fakhrizadeh-Mahabadi ក៏ត្រូវបានគេដាក់ឈ្មោះនៅក្នុងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយសារតែការងាររបស់គាត់ជាប្រធានអង្គការច្នៃប្រឌិតនិងស្រាវជ្រាវរបស់អ៊ីរ៉ង់ក្នុងឆ្នាំ ២០០៨ ៕ ប្រភព ៖ Daily Mail

adverise with khmeread