ដុកទ័រចិនច្រើននាក់ត្រូវចាប់ដាក់គុកពីបទប្រមូលយកសរីរាង្គខុសច្បាប់ពីជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍

មនុស្ស៦នាក់រួមទាំងវេជ្ជបណ្ឌិត ត្រូវបានជាប់ពន្ធនាគារនៅក្នុងប្រទេសចិន ពីបទប្រមូលសរីរាង្គដោយខុសច្បាប់ពីជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់។

ក្រុមជួញដូរមួយនេះបានបោកបញ្ឆោតគ្រួសារជនរងគ្រោះឱ្យពួកគេគិតថា ពួកគេបានធ្វើការបរិច្ចាគសរីរាង្គផ្លូវការ។

នៅចន្លោះឆ្នាំ២០១៧ និង២០១៨ ពួកគេបានយកថ្លើម និងក្រលៀនចេញពីមនុស្សចំនួន ១១នាក់នៅមន្ទីរពេទ្យមួយក្នុងខេត្តអានហួយ។

ប្រទេសចិនកំពុងប្រឈមនឹងកង្វះសរីរាង្គដ៏ធំ ហើយបានខិតខំបំពេញតម្រូវការតាមរយៈការបរិច្ចាគសាធារណៈ។

យោងតាមរបាយការណ៍ក្នុងស្រុក ក្រុមជួញដូរខុសច្បាប់នេះគឺរួមមានវេជ្ជបណ្ឌិតជាន់ខ្ពស់៤នាក់ ដែលធ្វើការផ្នែកលទ្ធកម្មសរីរាង្គនៅមន្ទីរពេទ្យ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ពួកគេនឹងកំណត់គោលដៅទៅលើជនរងគ្រោះដែលមានគ្រោះថ្នាក់ចរាចរណ៍ ឬអ្នកជំងឺដែលទទួលរងពីជំងឺខួរក្បាលនៅមន្ទីរពេទ្យ Huaiyuan County People's Hospital ក្នុងខេត្តអានហួយ។

លោក Yang Suxun ប្រធានផ្នែកសង្គ្រោះអ្នកជំងឺធ្ងន់របស់មន្ទីរពេទ្យនឹងទៅជួបសមាជិកគ្រួសារអ្នកជំងឺ ហើយសួរថាតើពួកគេយល់ព្រមបរិច្ចាគសរីរាង្គមនុស្សជាទីស្រឡាញ់របស់ពួកគេដែរឬទេ។ សមាជិកគ្រួសារទាំងអស់នឹងចុះហត្ថលេខានូវអ្វីដែលក្រោយមកក្លាយជាសំណុំបែបបទយល់ព្រមក្លែងក្លាយ។

បន្ទាប់មកមនុស្សនោះនឹងត្រូវបានរុញចេញពីមន្ទីរពេទ្យនៅពាក់កណ្តាលអធ្រាត្រ ហើយដាក់ចូលទៅក្នុងឡានដឹកទំនិញដែលមើលទៅដូចជារថយន្តសង្គ្រោះបន្ទាន់ ដែលគ្រូពេទ្យនឹងយកសរីរាង្គចេញ។

យោងតាមរបាយការណ៍បានឱ្យដឹងថា សរីរាង្គទាំងនេះនឹងត្រូវលក់ទៅឱ្យបុគ្គល ឬមន្ទីរពេទ្យដទៃទៀតដែលសមាជិកនៃក្រុមជួញដូរបានទាក់ទងដោយសម្ងាត់។

ទីបំផុតពួកគេអស់លក្ខណ៍ ពេលដែលកូនប្រុសរបស់ជនរងគ្រោះម្នាក់មានការសង្ស័យ។

ប៉ុន្មានខែបន្ទាប់ពីមរណភាពរបស់ម្ដាយគាត់ក្នុងឆ្នាំ២០១៨ លោក Shi Xianglin បានពិនិត្យមើលឡើងវិញទៅលើឯកសារដែលក្រុមគ្រួសាររបស់គាត់បានទទួល នៅពេលពួកគេយល់ព្រមបរិច្ចាគសរីរាង្គរបស់ម្តាយគាត់ ហើយបានរកឃើញភាពខុសគ្នាជាច្រើន រួមទាំងចន្លោះទទេស្អាតក្នុងទម្រង់បែបបទ។

បន្ទាប់មកគាត់បានរកឃើញថា មិនមានកំណត់ត្រានៃការបរិច្ចាគម្តាយរបស់គាត់ដែលបានធ្វើឡើងទាំងជាមួយអាជ្ញាធរខេត្ត ឬមជ្ឈមណ្ឌលរដ្ឋបាលបរិច្ចាគសិរីរាង្គរបស់ប្រទេសចិននៅទីក្រុងប៉េកាំងទេ។ 

គាត់បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក Dazhongwang ថា នៅពេលដែលគាត់សួរលោក Yang អំពីរឿងនេះ គាត់ត្រូវបានគេផ្តល់ប្រាក់យ៉ាងច្រើនភ្លាមៗដើម្បី "បិទមាត់"។

លោក Shi បាននិយាយថា "នោះជាពេលដែលខ្ញុំដឹងច្បាស់ថាមានរឿងប្លែកកើតឡើង"។ គាត់បានជូនដំណឹងជាបន្ទាន់ដល់អាជ្ញាធរ៕ ប្រភព ៖ BBC

adverise with khmeread