បើករថយន្តអូឌីបុករះកន្លែងលក់ស្រាក្រឡុកភ្ញៀវរត់ជាន់ជើងគ្នាស្ទើរលស់ព្រលឹង

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ បានបើករថយន្តមួយគ្រឿងលឿនពេក ​ខណៈមកដល់ផ្លូវកែងអក្សតេបានបត់ឆ្វេងបួងចង្កូតមិនទាន់ ក៏បុករះចូលកន្លែងលក់ស្រាក្រឡុកបណ្ដាលឱ្យភ្ញៀវកំពុងផឹកស៊ីរត់ជាន់ជើងគ្នាស្ទើរលស់ព្រលឹង សំណាងល្អមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវដីថ្មីកែងផ្លូវបេតុងក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បើករថយន្តទំនើបម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-7897 ធ្វើដំណើរតាមបណ្ដោយផ្លូវដីថ្មីពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដោយល្បឿនរថយន្តលឿនពេកបួងចង្កូតមិនទាន់ជ្រុលទៅបុករះចូលកន្លែង លក់ស្រាក្រឡុកបណ្ដាលឱ្យភ្ញៀវកំពុងផឹកស៊ី ផ្អើលរត់ជាន់ជើងគ្នា និងខូចខាតសម្ភារ: តុកៅអីមួយចំនួន ព្រមទាំងបាក់បែកម៉ូតូចំនួន២គ្រឿងទៀត តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុបានឱ្យម្ចាស់រថយន្តបង្កនិងម្ចាស់លក់ស្រាក្រឡុកធ្វើការដោះស្រាយគ្នាដោយសន្តិវិធី ហើយម្ចាស់រថយន្តបង្កព្រមសងសំណង រាល់ការខូចខាតទាំងអស់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

adverise with khmeread