បើករថយន្ដព្រួសក្រឡាប់ផ្ងារកង់ឡើងលើរងរបួសធ្ងន់ស្រាលមនុស្ស៤នាក់

ភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់និងបុរស៣នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះរថយន្តទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យរថយន្តព្រូសក្រឡាប់ផ្ញារកង់ឡើងលើ កើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ២៩៤កែងផ្លូវលេខ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AM-​8529 ជារថយន្តតាក់ស៊ីឯកជនបើកបរដោយបុរសម្នាក់និងរួមដំណើរប្រុសស្រី៣នាក់ទៀតជាភ្ញៀវបានបើកតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ។

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាក ALPHARD មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-8998 បើកបរដោយជនជាតិចិនម្នាក់រួមដំណើរស្ត្រីខ្មែរម្នាក់ទៀត ​បើកតាមបណ្ដោយផ្លូវលេខ២៩៤ ទិសដៅពីលិចមកកើតយ៉ាងលឿន បានមកបុករថយន្តព្រូសចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឱ្យរថយន្តព្រូសក្រឡាប់ផ្ងារកង់ឡើងលើរងរបួសធ្ងន់ស្ត្រីម្នាក់ និងបុរស៣នាក់រងរបួសស្រាល។ ភ្លាមៗក៏មាន រថយន្តពេទ្យមកដឹកយកទៅសង្រ្គោះជីវិត ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ។ ចំណែករថយន្តអាល់ហ្វាត បើករត់រហូតទៅដល់ជិតស្ពានហង្សកោះពេជ្រក៏ត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕


 

adverise with khmeread