ម៉ូតូនិងម៉ូតូបើកបុកគ្នារបួសធ្ងន់៣នាក់នៅលើកំណាត់ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ម៉ូតូនិងម៉ូតូកើតឡើងបណ្តាលឱ្យរបួសធ្ងន់មនុស្ស ០៣នាក់​ (ស្រីម្នាក់) នាថ្ងៃ សុក្រទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣ និង១០នាទីរសៀល នៅផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាក់ ហុងដាវ៉េវ C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-5244 បើកបរទិសដៅពីភ្នំពេញទៅអ្នកលឿង ដែលអ្នកបើកបរឈ្មោះ ឆៃ យ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ចំរើនផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ០១គ្រឿង ដែលជិះបញ្ចាស់ទិសគ្នាឆ្លងផ្លូវ ពីត្បូងទៅជើង ទិសដៅពីអ្នកលឿងទៅភ្នំពេញ ដែលម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1A-2673 អ្នកបើកបរឈ្មោះ ផាន់ ផា ភេទប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរ ឈ្មោះ មាស សុគឿន ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធ) មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យរបួសធ្ងន់បានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យនៅរាជធានីភ្នំពេញ។

បច្ចុប្បន្នម៉ូតូខូចខាត០២រឿងត្រូវបានកម្លាំងប៉ូលិសជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

adverise with khmeread