កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើក គឺនៅស្រុកកោះកុង បណ្តាលឱ្យរបួសធ្ងន់ម្នាក់និងនៅស្រុកមណ្ឌលសីមាបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅថ្ងៃតែមួយ។
ករណីទី១-មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងលើផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៧-១២៨ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បណ្តាលមកពីបើកលឿនពេលចុះចំណោទត្រង់ចំណុចផ្លូវកោងដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ខុសផ្លូវ រងបួសធ្ងន់ម្នាក់ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទីល្ងាច។
សមត្ថកិច្ចនិយាយថា រថយន្តបង្កម៉ាកហ៊ីយានដាយ ប្រភេទរថយន្តបែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-3740 អ្នកបើកបរមានឈ្មោះ ស៊ិន ម៉ន (ហៅតាខ្វេ) ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិ អង្គរសរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បណ្តាលឱ្យរបួសធ្ងន់ អ្នករួមដំណើរម្នាក់ ឈ្មោះ គៀន តុល ភេទប្រុស អាយុ២៨ ឆ្នាំ ទីលំនៅ ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយពេលកើតហេតុកម្លាំងប៉ូលិសជំនាញអធិការដ្ឋានស្រុកសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុជួយសង្រ្គោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ករណីទី២-មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងម៉ូតូនិងម៉ូតូបុកគ្នាមុខតំបន់សេដ្ឋកិច្ចពិសេសខេត្ត ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង៩ និង២៣នាទីយប់ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ ពូន ប៊ឺត ភេទ ប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ជិះម៉ូតូស្កូពី ស្លាប់នៅកន្លែងកើតហេតុ និង២-ឈ្មោះ សន ពិសិត ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ជាអ្នកលក់នំប៉័ង រងរបួសធ្ងន់បញ្ជូនព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕
