កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធលួចម៉ូតូ

បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្នុងករណីលួចម៉ូតូមួយគ្រឿងកាលពីពេលថ្មីៗកន្លងទៅនេះ នៅចំណុចបន្ទប់ជួលម្ដុំបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីអាវុធហត្ថនិយាយថា យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ ស៊ិប ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធកណីបាត់ម៉ូតូ០១គ្រឿង នៅចំណុចបន្ទប់ជួលម្ដុំបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត។

ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពាក់ព័ន្ធករណីលួចនិងទទួលផលចោរកម្ម នាថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០។

មន្ត្រីអាវុធហត្ថបន្តថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះរស់ សារ៉យ ហៅឡយ ភេទប្រុស អាយុ២៦ឆ្នាំ លួចផ្ទាល់និង២-ឈ្មោះរ៉ា រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ទទួលផលចោរកម្ម។ ពួកគេទាំង២នាក់ស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត។

បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕
 

adverise with khmeread