សិស្សវៀតណាមជិត៣០នាក់ទៅបោះតង់លើភ្នំ វង្វេងរកផ្លូវមកវិញមិនឃើញ

សិស្សមួយក្រុមមានគ្នា ២៧ នាក់មកពីថ្នាក់ទី១២នៃវិទ្យាល័យ Bac Kan ត្រូវបានជាប់នៅលើភ្នំ Khau Mo នៅភាគខាងជើងប្រទេសវៀតណាម បន្ទាប់ពីទៅបោះតង់និងញ៉ាំសាច់អាំងនៅទីនោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

យោងតាមលោក Sam Van Du អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Bac Kan ឱ្យដឹងថាសិស្សទាំងនោះត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរមូលដ្ឋាននៅល្ងាចថ្ងៃដដែល។

កាលពីថ្ងៃអាទិត្យសិស្សសាលាចំនួន ២៩ នាក់បានទៅភ្នំ Khau Mo នៅស្រុក Huyen Tung ស្ថិតនៅក្នុងទីរួមខេត្ត Bac Kan ដើម្បីទៅញាំសាច់អាំងជុំគ្នា។

លោក Sam Van Du បាននិយាយថា "នៅល្ងាចនោះសិស្សពីរនាក់ក្នុងចំណោមពួកគេបានចុះពីលើភ្នំ ខណៈដែលអ្នកនៅសល់គឺនៅទីនោះ។ ពួកគេវង្វេងផ្លូវ ខណៈដែលរកផ្លូវចុះមកវិញមិនឃើញ ហើយបន្ទាប់មកក៏ជាប់នៅលើភ្នំនោះតែម្ដងទៅ"។

ដោយអស់ជម្រើសពួកសិស្សសាលានោះក៏បានដើររកកន្លែងណាដែលមានសេវាទូរស័ព្ទ និងប្រើវាតេទៅគ្រូបង្រៀនរបស់ពួកគេដើម្បីជួយ។

បន្ទាប់ពីទទួលដំណឹងភ្លាមៗនោះគ្រូបង្រៀនរបស់ពួកគេក៏បានតេហៅប៉ូលិសដើម្បីស្វែងរកសិស្សទាំងនោះ។ ហើយទីបំផុតនៅម៉ោង៩យប់ថ្ងៃអាទិត្យដដែល ក្រុមសង្គ្រោះក៏បានស្វែងរកពួកគេឃើញ និងនាំត្រឡប់មកវិញដោយសុវត្ថិភាព៕

adverise with khmeread