អ៊ីរ៉ង់ប្តេជ្ញាសងសឹកអ៊ីស្រាអែល ក្រោយចោទថាពួកគេធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួន

អ៊ីរ៉ង់និយាយថាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួនត្រូវបានធ្វើឃាតកាលពីថ្ងៃសុក្រទី២៧វិច្ឆិកានៅក្នុងការវាយប្រហារមួយនៅខាងក្រៅទីក្រុងតេហេរ៉ង់ ដោយស្តីបន្ទោសលើសត្រូវរបស់ខ្លួន អ៊ីស្រាអែល និងព្រមាន "សងសឹកធ្ងន់ធ្ងរ"។

ការធ្វើឃាតនេះបានគំរាមបង្កើនភាពតានតឹងរវាងអ៊ីរ៉ង់និងអាមេរិកនិងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺអ៊ីស្រាអែល ជាមួយការព្រមានមួយចំនួនអំពីហានិភ័យនៃជម្លោះធំនៅមជ្ឈិមបូព៌ា។

ក្រសួងការពារជាតិអ៊ីរ៉ង់និយាយថា លោក Mohsen Fakhrizadeh-Mahabadi អាយុ ៥៩ ឆ្នាំ "បានរងរបួសយ៉ាងធ្ងន់ធ្ងរ" នៅពេលដែលក្រុមអ្នកវាយប្រហារបានផ្តោតគោលដៅមកលើរថយន្តរបស់គាត់ មុនពេលបាញ់ប្រហារជាមួយអង្គរក្សរបស់គាត់។

ក្រសួងបានបន្ថែមទៀតថា លោក Mohsen ដែលជាប្រធានអង្គការស្រាវជ្រាវនិងច្នៃប្រឌិតរបស់ក្រសួង ក្រោយមកបានស្លាប់ បន្ទាប់ពីគ្រូពេទ្យមិនអាចសង្គ្រោះជីវិតគាត់បាន។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើលោក Mohsen ក្នុងឆ្នាំ ២០០៨ ចំពោះ "សកម្មភាពនិងប្រតិបត្តិការនានាដែលរួមចំណែកដល់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់" ហើយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ធ្លាប់បានចាត់ទុកលោកជាបិតានៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Mohsen ត្រូវបានគេវាយប្រហារ នៅពេលធ្វើដំណើរក្បែរទីក្រុងអាប់សាដក្នុងតំបន់ដាម៉ាវ៉ាន់ស្ថិតនៅភាគខាងកើតទីក្រុងតេហេរ៉ង់។ អ្នកយកព័ត៌មានរបស់ទូរទស្សន៍រដ្ឋមួយរូបបាននិយាយថា ឡានដឹកទំនិញមួយគ្រឿង ដែលផ្ទុកគ្រឿងផ្ទុះលាក់នៅក្រោមគំនរឈើ បានផ្ទុះនៅពីមុខឡានរបស់គាត់ មុនពេលរងការបាញ់ស្រោចដោយកាំភ្លើងពីរថយន្ត SUV មួយគ្រឿង។

រូបភាពពីកន្លែងកើតហេតុបានបង្ហាញឡានខ្មៅមួយគ្រឿងស្ថិតនៅផ្នែកម្ខាងនៃដងផ្លូវ និងកញ្ចក់មុខរបស់វាត្រូវធ្លុះដោយគ្រាប់កាំភ្លើង។ ថ្លុកឈាមក៏ឃើញនៅលើដងផ្លូវផងដែរ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ចាវ៉ាដ ហ្សារីហ្វ និយាយថា មានការចង្អុលបង្ហាញយ៉ាងខ្លាំងថា អ៊ីស្រាអែលមានតួនាទីនៅក្នុងការធ្វើឃាតនេះ។ លោកបានសរសេរនៅលើ Twitter ថា "ពួកភេរវករបានធ្វើឃាតអ្នកវិទ្យាសាស្ត្រលេចធ្លោរបស់អ៊ីរ៉ង់នៅថ្ងៃនេះ។ ភាពកំសាកញី ជាមួយការចង្អុលបង្ហាញយ៉ាងខ្លាំងនៃតួនាទីរបស់អ៊ីស្រាអែល បង្ហាញអំពីភាពល្មោភសង្គ្រាមរបស់ជនល្មើស"។ លោកហ្សារីហ្វអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសអំពើភេរវកម្មនេះ។

កាសែត New York Times និយាយថា មន្ត្រីអាមេរិកម្នាក់និងមន្ត្រីចារកម្មពីរនាក់ទៀតបានបញ្ជាក់ថា អ៊ីស្រាអែលស្ថិតនៅពីក្រោយការវាយប្រហារនេះ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕ ប្រភព ៖ Daily Mail 

adverise with khmeread