នៅជប៉ុន មនុស្សស្លាប់ដោយអត្តឃាតមានច្រើនជាងស្លាប់ដោយកូវីដ១៩ ក្នុងឆ្នាំ២០២០

នាង Eriko Kobayashi បានព្យាយាមសម្លាប់ខ្លួនចំនួនបួនដងមកហើយក្នុងមួយជីវិតរបស់នាង។

ការប៉ុនប៉ងដំបូងគឺនៅពេលនាងទើបមានអាយុ ២២ ឆ្នាំ ពេលកំពុងធ្វើការងារពេញម៉ោងក្នុងគ្រឹះស្ថានបោះពុម្ពផ្សាយមួយ ដែលប្រាក់ខែមិនគ្រប់គ្រាន់នឹងបង់ថ្លៃជួលផ្ទះនិងថ្លៃទិញអីវ៉ាន់នៅទីក្រុងតូក្យូ។ នាង Kobayashi ដែលសន្លប់នៅមន្ទីរពេទ្យ ៣ ថ្ងៃបន្ទាប់ពីមានហេតុការណ៍នោះ បាននិយាយថា "ខ្ញុំពិតជាក្រណាស់គ្រានោះ"។

ឥឡូវមានអាយុ ៤៣ ឆ្នាំ Kobayashi បានសរសេរសៀវភៅស្តីពីការតស៊ូសុខភាពផ្លូវចិត្តរបស់នាង និងឥឡូវមានការងារថេរមួយនៅអង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែវីរុសកូរ៉ូណាបាននាំមកនូវភាពតានតឹង ដែលនាងធ្លាប់ជួបសាជាថ្មី។

នាងនិយាយថា "ប្រាក់ខែរបស់ខ្ញុំត្រូវបានកាត់ ហើយខ្ញុំមិនអាចមើលឃើញពន្លឺជីវិតនៅខាងមុខទេ។ ខ្ញុំចេះតែមានអារម្មណ៍ថា ខ្ញុំអាចនឹងធ្លាក់ចូលក្នុងភាពក្រីក្រវិញ"។

អ្នកជំនាញបានព្រមានថា ជំងឺរាតត្បាតអាចនាំឱ្យមានវិបត្តិសុខភាពផ្លូវចិត្ត។ ភាពអត់ការងារធ្វើទ្រង់ទ្រាយធំ ភាពឯកោក្នុងសង្គម និងការថប់បារម្ភកំពុងជះឥទ្ធិពលផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៅទូទាំងពិភពលោក។

នៅប្រទេសជប៉ុន ស្ថិតិរបស់រដ្ឋាភិបាលបង្ហាញថា ការធ្វើអត្តឃាតបានឆក់យកជីវិតមនុស្សក្នុងខែតុលាច្រើនជាងជំងឺកូវីដ១៩ក្នុងអំឡុងឆ្នាំ២០២០រហូតមកទល់បច្ចុប្បន្ន។ យោងតាមទីភ្នាក់ងារប៉ូលិសជាតិជប៉ុនបានឱ្យដឹងថា ចំនួនអ្នកធ្វើអត្តឃាតរបស់ជនជាតិជប៉ុនប្រចាំខែបានកើនឡើងដល់ ២.១៥៣ នាក់នៅក្នុងខែតុលា។ ក្រសួងសុខាភិបាលបាននិយាយថា គិតត្រឹមថ្ងៃសុក្រទី២៧វិច្ឆិកា ចំនួនអ្នកស្លាប់សរុបដោយកូវីដ១៩នៅជប៉ុនគឺ ២.០៨៧ នាក់៕ ប្រភព ៖ CNN

adverise with khmeread