កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីប្រើអំពើហិង្សាដោយចេតនា និងប្រើប្រាស់គ្រឿងញៀន នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង ៣០នាទីរសៀលនៅចំណុចភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ទិត វិចិត្រ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ មានស្នាមរបួសបែកគល់ចិញ្ចើមស្តាំ នឹងស្នាមហើមប៉ោងលើចិញ្ចើមភ្នែកឆ្វេង។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហៃ សុខហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករមានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យកដុំថ្ម ១ដុំ ទំហំប៉ុនកជើង។
ប៉ូលិសបន្តថា នៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោង ១រសៀល ឈ្មោះ ហៃ សុខហៀង (ជនសង្ស័យ) មានជម្លោះជាមួយកូនរបស់ឈ្មោះ ទិត វិចិត្រ ជាជនរងគ្រោះ។ បន្ទាប់មករហូតដល់វេលាម៉ោង ២និង៣០នាទីរសៀលដែលជាម៉ោងកើតហេតុ ជនរងគ្រោះបានចេញមកពីធ្វើការរោងចក្រវិញចូលមកដល់ផ្ទះ ក៏បានឃើញកូនរបស់ខ្លួន និងជនសង្ស័យមានជម្លោះពាក្យសម្ដីនឹងគ្នា។
ពេលនោះ ជនរងគ្រោះក៏បានឈ្លោះពាក្យសម្ដីជាមួយជនសង្ស័យបន្ថែមទៀត ហើយភ្លាមនោះជនសង្ស័យខឹង បានស្ទុះយកដុំថ្មទៅគប់លើជនរងគ្រោះបណ្ដាលឱ្យមានរបួសតែម្ដង ហើយភ្លាមៗនោះត្រូវបានឪពុករបស់ខ្លួនចាប់ចងទុកប្រគល់ជូនសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យត្រូវឪពុករបស់ខ្លួនចាប់ចងរួចទៅហើយ ក៏បាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើជនរងគ្រោះពិតប្រាកដមែន»។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕
