ភ្នំពេញ ៖ រថយន្តកុងតឺន័រនិងរថយន្តស្ទូចចតនៅលើទ្រូងផ្លូវកំពុងតែស្ទូចដាក់ថ្មចិញ្ចើមផ្លូវក៏ស្រាប់តែមានយុវជនម្នាក់ បានបើកម៉ូតូយ៉ាងលឿនមកបុក ពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះមានឈ្មោះ អ៊ុច ប៉ាវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគិតលុយនៅម៉ាតជិតរ៉ារទេះភ្លើង រស់នៅជិតវត្តតាំងកសាង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដោយជិះម៉ូតូម៉ាកហុងដាប៊ិត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កណ្តាល 1AI.8404 ជិះតែម្នាក់ឯង។
ចំណែករថយន្តកុងតឺន័រ សណ្តោងរឺម៉ក ពាក់ស្លាកលេខខាងក្រោយភ្នំពេញ 4A.5958 ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E.6599 និងរថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F.1307ដែលចតទន្ទឹមគ្នាលើទ្រូងផ្លូវ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័រនិងរថយន្តស្ទូចចតទន្ទឹមគ្នាលើទ្រូងផ្លូវកំពុងតែស្ទូចថ្មដាក់នៅលើចិញ្ចើមផ្លូវ។ ខណៈពេលនោះស្រាប់តែមាន យុវជនម្នាក់បើកម៉ូតូ ហុងដាប៊ិតយ៉ាងលឿនតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចមកបុកចំគូទរថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបាន ហើយរថយន្តដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនសួគ៌ា, ក្រោយមកក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យឯកជនសួគ៌ា។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
