ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌដង្កោ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១ ត្រង់ចំណុចក្នុងវត្តធុតង្គចំការដូង ភូមិខ្វារ សង្កាត់- ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ និង២-ឈ្មោះ ថៃ កុសល ហៅសត្សា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់ (ធំល្មមចំនួន០១កញ្ចប់ថង់, តូចចំនួន០១កញ្ចប់ថង់), ទូរស័ព្ទចំនួន០២គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងសម្ភារៈប្រើប្រាស់មួយចំនួន។

ប៉ូលិសបន្តថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោ បានសហការជាមួយប៉ូលិសប៉ុស្ដិ៍រដ្ឋបាលដង្កោ បានស្រាវជ្រាវបង្ក្រាបជាក់ស្ដែង មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងវត្តធុតង្គចំការដូង ស្ថិតនៅភូមិខ្វារ សង្កាត់- ខណ្ឌដង្កោ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់កំពុងអង្គុយ។

ខណៈនោះសមត្ថកិច្ចក៏បានត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ថង់ (ធំល្មមចំនួន០១កញ្ចប់ថង់, តូចចំនួន០១កញ្ចប់ថង់) ដែលជនសង្ស័យឈ្មោះ ម៉ៅ សារ៉ាត់ បានទម្លាក់ចោលទៅលើដីចម្ងាយកន្លះម៉ែត្រពីរខ្លួនជនសង្ស័យ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោតាមនីតិវីធីច្បាប់។

ជនសង្ស័យឈ្មោះ ម៉ៅ សារ៉ាត់ បានសារភាពប្រាប់សមត្ថកិច្ចឱ្យស្គាល់ពីអត្តសញ្ញាណជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ថៃ កុសល ហៅសត្យា ភេទប្រុស អាយុ៤០ឆ្នាំ។ លុះវេលាម៉ោង១២ និង៣០នាទី សមត្ថកិច្ចបន្តឃាត់ខ្លួនបានឈ្មោះ ថៃ កុសល ហៅសត្យាត្រង់ចំណុចបន្ទប់ជួល លេខ១ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យយកមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោតាមនីតិវីធីច្បាប់តែម្តង៕


 

adverise with khmeread