adverise with khmeread 1

ល្បែង​ឈូង​

​    ​ល្បែង​ឈូង ជា​ល្បែង​មួយ​ម្យ៉ាង​របស់​មនុស្ស​កំលោះ​ក្រមុំ ឬ​មនុស្ស​ចំណាស់ៗ​ប្រុស​-​ស្រី ទូទាំង​កម្ពុជរដ្ឋ គេ​តែង​លេង​នៅវេលា​យប់​ខែភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (​ខែចេត្រ​-​ពិសាខ​) ។ គេ​ចែកគ្នា​ជា ២ ពួក ប្រុស​មួយ​ពួក ,​ស្រី​មួយ​ពួក​។ ក្នុង​មួយ​ពួកៗ​មាន​គ្នា​ចំនួន​ពី ១០ នាក់ ឬ ២០ នាក់​ឡើងទៅ ឈរ​ត្រៀម​ជា​ពីរ​ជួរ ទល់មុខ​គ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា ៨ ឬ ១០ ម៉ែត្រ​។ គេ​យក​ក្រមា​ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល ចងរឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ឲ្យ​មាន​កន្ទុយ​បន្តិច​ហៅថា ឈូង សម្រាប់​កាន់​បោះ​ឬ​ចោល​ទៅមក​រកគ្នា​។

​    ​សកម្មភាព​របស់​អ្នកលេង​ដូច​រូបភាព​នេះ​៖

​    ​ឈូង​មាន​ពីរបែប៖

​    ​១. ឈូង​ច្រៀង​រាំ  
​    ​២. ឈូង​លោះ​ខ្ញុំ​

     ​១. ឈូង​ច្រៀង​រាំ មុនដំបូង​ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅ​ឲ្យ​ពួក​ខាង​ស្រី ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី​គេ​ចាត់ជា​ស្អុយ ហើយ​គេ​ចាប់ផ្ដើម​បោះ​ទៅ​ឲ្យ​ខាង​ប្រុស​វិញ ពួក​ខាង​ប្រុស​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី​។ ការចាប់​បាន​ហើយ ចោល​សំដៅទៅ​ពួក​ខាង​ស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុសគេ​ចាត់ជា​ស្អុយ រួច​គេ​ចាប់ផ្ដើម​បោះ​ជាថ្មីទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅជូន​ខាង​ប្រុស ហៅថា ច្រៀង​រាំ​ជូន​ឈូង​។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំមុខ ម្នាក់​ដៃទទេ​រាំ​តាម​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា "​ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​ប្រុស​ស្ងួន ទទួល​ឈូង​ទៅ​"​។ ពួក​ស្រីៗ​ក្រៅពីនោះ គ្រប់គ្នា​ទទួល​ថា "​ឲ្យ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​!" រួចហើយ​ហុច​ឈូង​នោះ​ទៅ​ឲ្យ​ប្រុសៗ ទទួលយក​ហើយក៏​ផ្ដើម​បោះ ឈូង​នោះ​ទៅ​ឲ្យ​ពួក​ខាង​ស្រី​ចាប់​វិញ​។

​    ​បើ​ពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​សំដៅទៅ​ពួក​ប្រុស បើ​ចោល​ត្រូវ​ប្រុស​ណា ប្រុស​នោះ​ត្រូវ​រាំ​នាំ​ឈូង​ទៅជូន​ខាង​ស្រី ដោយ​ច្រៀង​ជា​ទំនុក​ថា "​បង​ចាប់​ឈូង​បាន បង​បីត្រកង ព្រលឹង​មាសបង ទទួល​ឈូង​ទៅ​"​។ ពួក​ប្រុសៗ​គ្រប់គ្នា​ទទួល​បន្ទរ​ថា "​ឲ្យ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​!" ហើយក៏​ហុច​ឈូង​នោះ​ទៅ​ឲ្យ​ពួក​ស្រីៗ ទទួលយក ទើប​ផ្ដើម​បោះ​តទៅទៀត​។​

​    ​២. ឈូង​លោះ​ខ្ញុំ ដើមដំបូង ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង ១ ទំនុក​ជាមុន​។ ឯ​ទំនុកច្រៀង​ឈូង​មាន​ច្រើនបែប ប្លែកៗ​ទៅតាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​នៅតាម​ស្រុក​។ ទីនេះ​ស្រង់​យកតែ​ទំនុក​ធម្មតា ដែល​អ្នកលេង​ឈូង​គ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់គ្នា​ថា​៖ "​បង​បោះ​ឈូង​ទៅ អូន​អើយ កំពស់​ចុង​ដូង​ (​ស្ទួន​) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង​" ឬថា "​បង​បោះ​ឈូង​ទៅ ឈូង​បែក​ជា​បួន ស្រី​ណា​មានខ្លួន ទទួល​ឈូង​បង​"​៘ ច្រៀង​ហើយ​គេ​ស្រែក​ប្រាប់ថា ឈូង​អើយ ឈូង​! ហើយ​អ្នក​ផ្ដើម​ទំនុក​ក៏​បោះ​ឈូង​ទៅលើ​ពួក​ស្រីៗ​ឲ្យ​ពួក​ស្រីៗ​ចាប់​។ ខាង​ស្រី​ចាប់​ឈូង​បាន គេ​ចោល​សំដៅ​ទៅរក​ប្រុស​ណា​ដែល​ត្រូវចិត្ត បើ​ចោល​ទៅ​ត្រូវ​ប្រុស​ណា គេ​ទៅ​ចាប់យក​ប្រុស​នោះមក​ទុក​ខាង​ពួកគេ​។ បើ​ចោល​មិនត្រូវ​ទេ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ ចោល​សំដៅ​មករក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី​ហើយ ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យកទៅ​ទុក​មុន​នោះ ត្រូវបាន​រួចខ្លួន បើ​ប្រុស​ចោល​មិនត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល​។ បើ​ខាង​ណា​ប៉ុន​ប្រសប់​គេ​ចោល​យក​ខាង​ម្ខាង​ទាល់តែ​អស់​។ កាលណា​អស់​គ្នា​ហើយ​គេ​ផ្ដើម​លេង​សារជាថ្មី ដោយ​ឲ្យ​ខាង​ស្រី​បោះ​ឈូង ទៅ​ឲ្យ​ខាង​ប្រុស​មុន​វិញ​។ មុននឹង​ស្រីៗ​ចោល​ឈូង​ទៅ​ឲ្យ​ប្រុស គេ​ស្រែកច្រៀង​ថា "​អូន​បោះ​ឈូង​ទៅ បង​អើយ កំពស់​ចុង​ស្លា ប្រុស​ឈរ​ត្រៀបត្រា បង​អើយ ទទួល​ឈូង​អូន​"​៘ ច្រៀង​ហើយ​គេ​ស្រែកថា "​ឈូង​អើយ ឈូង​!" ហើយ​គេ​បោះ​ឈូង​ទៅលើ​ពួក​ប្រុសៗ​។  

​    ​ឯខាង​ប្រុស បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅទៅ​ស្រីៗ កាលបើ​ត្រូវ​ស្រី​ណា​ម្នាក់ គេ​ចាប់យក​ស្រី​នោះមក​ទុក​ខាងគេ​។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែកគ្នា​លេង​សារជាថ្មី​។  

​    ​មនុស្ស​ដែល​គេ​ចាប់បាន​នោះ ជួនកាល​គេ​ចង​មុខ​ឲ្យ​ជិត លែង​ឲ្យ​រត់​ទៅកាន់​ទី​ផ្សេងៗ ជាការ​កំសាន្ត​សប្បាយ​។

​    ​របៀប​លេង​បែប​ទី ២ នេះ ជួនកាល​អ្នកលេង គេ​ច្រូតកាត់​មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែម្ដង​ក៏មាន​។  

​    ​ល្បែង​នេះ រាប់​ចូលក្នុង​ពួក​ការហាត់​ភ្នែក​ឲ្យ​វ៉ៃ ហាត់​ដៃ​ឲ្យ​ត្រង់​ផង​ជាការ​កំសាន្ត​សប្បាយ ដោយ​មានការ​រាំច្រៀង​លាយ​ជាមួយ​ផង​៕ 

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

មតិយោបល់