adverise with khmeread 1

ល្បែង​ស្ដេចចង់ ឬ​ ល្បែង​អៀវ​

    ​ល្បែង​ស្ដេចចង់ ជា​ល្បែង​មួយ​យ៉ាង ដែល​ពួក​កុមារា កុមារី ជំទង់ៗ​គ្រប់​ភូមិ​-​ស្រុក ទូទាំង​កម្ពុជរដ្ឋ តែង​លេង​នៅពេល​ទំនេរ ក្នុង​វេលាយប់​ខែភ្លឺ​។ អ្នកលេង​មាន​ប្រុស មាន​ស្រី​ច្រើន​នាក់​មិន​កំណត់​។ ពេល​លេង​គេ​ចែកគ្នា​ជា ២ ពួក ប្រុស​មួយ​ពួក ស្រី​មួយ​ពួក​។ ក្នុង​បណ្ដា​អ្នក​ទាំងពីរ​ពួក​នោះ គេ​តាំង​ប្រុស​ឬ​ស្រី​ម្នាក់​ឲ្យ​ធ្វើជា​ស្ដេច ឲ្យ​អង្គុយ​នៅ​ទីមួយ​ចំ​កណ្ដាល​ទី លើ​កៅអី ឬ​លើ​វត្ថុ​អ្វីមួយ មាន​ត្បាល់​ជាដើម​។

​    ​សកម្មភាព​របស់​អ្នកលេង​ដូច​រូបភាព​នេះ​៖    

​    ​ការ​អ្នកធ្វើ​ស្ដេច​អង្គុយ​លើ​ទី​ដី​សមគួរ​មួយ​ហើយ ខាង​ស្រី​គេ​ឲ្យ​ស្រី​ម្នាក់​ដើរ​ចូលទៅ​ខ្សឹប​នឹង​ស្ដេច​ថា ខ្លួន​ស្រលាញ់​ឈ្មោះ​ណាមួយ ឧបមា​រថា​ឈ្មោះ ក ឬ ខ ខ្សឹប​ហើយ​គេ​ថយ​មក​អង្គុយ ឬក៏​មកឈរ​នៅ​កន្លែង​ដើម​វិញ​។ ខាង​ប្រុស​គេ​ឲ្យ​ប្រុស​ម្នាក់​ដើរចូល​ទៅរក​ស្ដេច​ដែរ ប្រសិនជា​មិន​ចំឈ្មោះ​ដែរ​គេ​ខ្សឹប​ទុកជាមុន​ទេ ក៏​ហី​ទៅ តែបើ​ប្រុស​ដែល​មក​នោះ ចំ​លើ​ឈ្មោះ​ដែល​ស្រី​គេ​បាន​ខ្សឹប​នោះ​មែន ស្ដេច​ស្រែកថា "​អៀវៗ​" ហើយ​ឲ្យ​ស្រី​នោះ​ជិះ​ប្រុស​នោះ​តម្រង់​ទៅរក​កន្លែង​គេ កំពុង​ជិះ​គេ​ស្រែកថា "​អៀវៗ​" ហើយ​គេ​បញ្ជិះ​ទៅ​ចុះ​នៅ​កន្លែង​ខាង​ស្រី​។ រួចហើយ​ខាង​ប្រុស​គេ​ឲ្យ​ខាង​ប្រុស គេ​ម្នាក់​ចូលទៅ​ខ្សឹ​ម​ម្ដង បើ​ប្រុស​នោះ​ចូល​ខ្សឹ​ម​ថា ខ្ញុំ​ស្រលាញ់​នាង​ណាមួយ ឧបមា​ថា​ឈ្មោះ "​ខ​" ខ្សឹប​ហើយ​គេ​ថយ​ទៅវិញ បើ​ស្រី​ម្នាក់​ឈ្មោះ "​ខ​" ចូលទៅ​មែន ស្ដេច​ស្រែកថា "​អៀវៗ​" ហើយ​ឲ្យ​ប្រុស​នោះ​ជិះ​ស្រី​នោះ ស្រែកថា "​អៀវៗ​" ដូចគ្នា​។ បានសេចក្ដីថា បើ​ខាង​ណា​ចូលទៅ​ខ្សឹប​ថា ខ្លួន​ស្រលាញ់​ឈ្មោះ "​ក​" ហើយ​បែរជា​ឈ្មោះ "​ខ​" ចូល​មករក​ស្ដេច​វិញ នោះ​ស្ដេច​មិន​ឲ្យ​អ្នក​ខ្សឹប​ជិះ​ឬ អៀវ​គេ​ទេ អ្នក​ខ្សឹប​នោះ​ត្រូវ​ថយ​ទៅវិញ ហើយ​គេ​ឲ្យ​ម្ខាង​ចូលទៅ​ខ្សឹប​ជាថ្មីទៀត​។ ចេះតែ​ផ្លាស់​គ្នា​តាម​របៀបនេះ​រហូតដល់​ពេលយប់​។

​    ​អ្នក​ដែល​ធ្វើ​ស្ដេច​ត្រូវ​មើល​ការខុសត្រូវ​ក្នុង​រឿងនេះ ដោយ​សច្ចៈ និង​យុត្តិធម៌​។  

​    ​ល្បែង​នេះ​ស្រេច​លើ​អ្នកធ្វើ​ស្ដេច បើ​អ្នកធ្វើ​ស្ដេច​ប្រកបដោយ​អគតិ ចង់​ឲ្យ​អ្នកណា​ជិះ​អ្នកណា ក្រៅពី​ឈ្មោះ​ដែល​គេ​ខ្សឹប​ក៏បាន គឺថា បើ​ម្នាក់​ចូលទៅ​ខ្សឹប​ថា ស្រលាញ់​ឈ្មោះ "​ក​" ហើយ​ទោះបី​ឈ្មោះ "​ខ​" ចូលមក ស្ដេច​ស្រែកថា "​អៀវៗ​" ក៏​ចេះតែ​បាន ព្រោះ​អ្នក​ចូលទៅ​ក្រោយ​មិន​បានឮ​អ្នក​មុន​ចូលទៅ​ខ្សឹប​ថា ស្រលាញ់​ឈ្មោះ​ណាៗ​ទេ​។ តែបើ​មាន​របៀប​លេង​លំអៀង​បែបនេះ អ្នកលេង​ណា​ដែល​ចាប់​ថ្នាក់​បាន​តវ៉ា​ឡើង អាច​សុំ​គេ​ឲ្យ​សុំ​ប្ដូរ​អ្នកធ្វើ​ស្ដេច​បាន ប្រសិនបើ​អ្នកធ្វើ​ស្ដេច​ប្រកបដោយ​សច្ចៈ​និង​យុត្តិធម៌ នោះ​ការលេង​នោះ​ទៀងទាត់​ណាស់​។

​    ​ល្បែង​នេះ​ជា​ល្បែង​កំសាន្ត​ក៏​មែន តែ​ជា​ល្បែង​ហាត់​ចិត្ត​មនុស្ស​ឲ្យ​ប្រកបដោយ​សច្ចៈ​និង​យុត្តិធម៌ មិន​ឲ្យ​ប្រកបដោយ​អគតិ (​សេចក្ដី​លំអៀង​) ៤ យ៉ាង​គឺ សច្ចៈ​គតិ លំអៀង​ព្រោះ​ស្រលាញ់​, ទោសាគតិ លំអៀង​ព្រោះ​ខឹង​,​ភយាគតិ លំអៀង​ព្រោះ​ខ្លាច​,​មោហោ​គតិ លំអៀង​ព្រោះ​ភ័ន្តច្រឡំ​។ ម្យ៉ាងទៀត ជាការ​បង្ហាត់​មនុស្ស​ឲ្យ​ចេះ​ជ្រើស​តាម​គ្នា ឲ្យ​ធ្វើជា​តំណាង​ភ្នែក​ច្រមុះ​ខ្លួន​ផង គឺ​ត្រូវ​ចេះ​ជ្រើសរើស​រក​នរណា ដែល​គេ​យល់ថា ជា​មនុស្ស​ត្រឹមត្រូវ​បរិសុទ្ធ ធ្វើការ​បានល្អ​តាម​គន្លង​ធម៌​ពិតៗ​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

មតិយោបល់