adverise with khmeread 1

ល្បែង​លោតអន្ទាក់

    ​ល្បែង​លោតអន្ទាក់ ជា​ល្បែង​សំរាប់​កុមារា កុមារី ជំទង់ៗ​លេង​ក្នុង​វេលាយប់ នៅ​រដូវចូលឆ្នាំ ឬ​នៅពេល​ទំនេរ​ខ្លះ តាម​ដែល​គេ​ស្ម័គ្រ​។ បានជា​គេ​ហៅថា "​ល្បែង​លោតអន្ទាក់​" ព្រោះ​ល្បែង​នេះ​មាន​មនុស្ស​មួយ​ពួក​អង្គុយច្រហោង​ដំកង់ ចាប់​ចុងដៃ​គ្នា​ជា​អន្ទាក់ដៃ ចាំ​ស្ទាក់​អ្នក​លោត​កុំ​ឲ្យ​លោត​ចូល​បាន​,​មួយ​ពួក​ទៀត ឈរជុំវិញ​ចាំ​លោតរំលង​ឲ្យ​ចូលទៅក្នុង​អន្ទាក់ដៃ​នោះ​។ របៀប​លេងល្បែង​នេះ គេ​ចែក​ពួក​អ្នកលេង​ជា ២ ចំនួន​ស្មើគ្នា គឺ​ចាប់តាំងពី ៥ ឬ ៦ នាក់​ម្ខាង​ឡើងទៅ​។​

​    ​សកម្មភាព​អ្នកលេង​ដូច​រូបភាព​នេះ​៖

​    ​ពួក​ទី ១ អង្គុយច្រហោង​ដំកង់​គ្នា​ជាវ​ង់ ឃ្លាត​ពីគ្នា​ល្មម​លាត ឬ​កាងដៃ​ទាំងពីរ​ខាង​បាន ហើយ​ចាប់​ចុងដៃ​គ្នា​នឹង​គ្នា មើលទៅ​ឃើញ​ភាព​ដូចជា​អន្ទាក់​។​

​    ​ពួក​ទី ២ ឈរជុំវិញ ចាំ​លប​ឆ្មក់ លោត​ចូលក្នុង​បន្ទា​ក់ដៃ​របស់​ពួក​ទី ១​។​

​    ​ពេល​លេង​ពួក​ទាំង ២ នេះ សុទ្ធតែ​ប្រុងប្រយ័ត្ន​រៀងខ្លួន គឺ​មុននឹង​លោត​ចូល ពួក​អ្នក​ឈរ​គេ​ធ្វើ​វ៉ៃ​រ៉ៗ​ជុំវិញ​ពួក​អ្នក​អង្គុយ ឲ្យ​ពួក​អ្នក​អង្គុយ​ភ្លេចខ្លួន ឬ​ពួក​អ្នក​លោត គេ​ចាត់​ឲ្យ​ពួកគេ​ខ្លះទៅ​ពួន​នៅ​ទី​ឆ្ងាយ ហើយ​ឲ្យ​រួច​រត់​ពី​ចង្ងាយ​មក​លោត​ចូល​តែម្ដង​ក៏មាន​។ ចំណែក​ខាង​ពួក​អ្នក​អង្គុយ ធ្វើ​អន្ទាក់​ក៏​ប្រុងប្រយ័ត្ន​ដែរ ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​លោត លោត​ប្លោះ​ចូលមកក្នុង​រង្វង់​បាន​។ ឯ​ពួក​អ្នក​អង្គុយ​គេ​លើកដៃ​ឡើង ដោយ​ប្រញាប់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​គេ​លោត​ចូល​បាន ឬ​ដើម្បី​លើកដៃ​គះ​ឲ្យ​ប៉ះ​ជើង​អ្នក​លោត​។ បើ​អ្នក​អង្គុយ​គះ​ប៉ះ​ជើង​អ្នក​លោត​បាន​ហើយ គេ​ទុក​អ្នក​លោត​ជា​ចាញ់ អ្នកធ្វើ​អន្ទាក់​ជា​ឈ្នះ ហើយ​អ្នកខ្លះ​ក្រោកឈរឡើង​ចាំ​លោត ឲ្យ​អ្នកចាញ់​ទៅ​អង្គុយ​ធ្វើ​អន្ទាក់​វិញ​។ ឯ​ពួក​អ្នក​លោត​នោះ បើ​មាន​អ្នកណាម្នាក់​លោត​ចូល​បាន​ដោយ​ស្រួល​គេ​ឲ្យ​គ្នា​គេ​ទាំងអស់គ្នា​ចូល​តាម​ទៅក្នុង​រង្វង់​អន្ទាក់​នោះ ហើយ​ពួក​អ្នក​លោត​ចូល​បាន​នោះ គេ​នាំគ្នា​លោត​ចេញ​វិញ គឺ​អ្នក​លោត​ចូល​បាន​នោះ គេ​ឈរ​គ្រប់គ្នា​គាប​ជើង​លើ​អន្ទាក់ដៃ​អ្នក​អង្គុយ​គ្រប់គ្នា ទុក​ជើង​ម្ខាង​នៅក្នុង ជើង​ម្ខាង​នៅក្រៅ​អន្ទាក់ដៃ​នោះ​។ បើ​ក្នុង​បណ្ដា​ពួក​អ្នក​លោត​នេះ មាន​អ្នកណាម្នាក់ លោត​ចេញ​ដោយ​ស្រួល​បាន មិន​ប៉ះ​ដៃ​អ្នក​អង្គុយ គេ​នាំគ្នា​ចេញ​តាម​ទាំងអស់​។ តែ​ការចេញ​និង​ចូល​បាន​នោះ​ត្រូវ​ចេញ​ឬ​ចូល​ឲ្យ​ចំ​ច្រក​ដែល​លោតរំលង​បាន​នោះ បើ​ខុស​ច្រក​នោះទេ​ទុកជា​ចាញ់​។ ហើយ​ការ​លោត​ចូល ឬ​លោត​ចេញ​នោះ​ត្រូវតែ​លោត​ម្ដងម្នាក់ បើ​ជួន​ជា​ស្រប​ពីរ​នាក់​ស្មើគ្នា ក៏​គេ​ចាត់ទុកជា​ចាញ់​ដែរ​។ គេ​ចេះតែ​ផ្លាស់ប្ដូរ​គ្នា​លេង​តាម​របៀបនេះ​រៀង​ទៅ​ដរាប​ដល់ពេល​ឈប់​។​

​    ​ល្បែង​នេះ ជា​ល្បែង​កំសាន្ត​មួយ​យ៉ាង ដែល​ចាត់​ចូលក្នុង​កីឡា​ហាត់ប្រាណ គឺ​ហាត់​កាយ​ឲ្យ​មាន​សុខភាព មាន​កម្លាំងកាយ​រឹងប៉ឹង ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​ប្រុងប្រយ័ត្ន ចេះ​ប្រើ​គំនិត​ឲ្យ​វាងវៃ​កុំ​ឲ្យ​អ្នកដទៃ​បំភ័ន្ត​បាន​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

មតិយោបល់