adverise with khmeread Xstat revmedx

របួស​ដោយ​គ្រាប់កាំភ្លើង​ឥឡូវ​អាច​ព្យាបាល​ជា​ក្នុង​រយៈពេល​តែ ២០​វិនាទី​ប៉ុណ្ណោះ (​មាន​វីដេអូ​)

​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) ទើបតែ​អនុម័ត​ឧបករណ៍​ព្យាបាល​ថ្មី​ទំហំ​អាចដាក់​ក្នុង​ហោប៉ៅ​បាន ដែល​ត្រូវបាន​ប្រើ​នៅ​សមរភូមិ​ប្រហែល​មួយឆ្នាំ​កន្លះ​មកហើយ ប៉ុន្តែ​ឥឡូវ​ប្រហែលជា​ថ្ងៃ​ណាមួយ​វា​អាច​សង្គ្រោះ​ជីវិត​របស់​អ្នក​នៅផ្ទះ​ផងដែរ​។ 

​ឧបករណ៍​ព្យាបាល​របួស​ដែល​បង្កើត​ថ្មី​ឈ្មោះថា XStat គឺជា​ឧបករណ៍​ដូច​សឺ​រ៉ាំ​ង​ចាក់​ថ្នាំ ដែល​អាច​ញាត់​ចូលក្នុង​របួស​ដែល​គំរាម​ដល់​ជីវិត ដូចជា​របួស​ជ្រៅៗ​ជាដើម តាមរយៈ​ការចាក់​បញ្ចូល​អេ​ប៉ុង​ល្អិតៗដែលឆាប់រីកមាឌចូលទៅក្នុង​។ ឧបករណ៍​នេះ​មាន​លក្ខណៈ​ស្រួល​កាន់​តាម​ខ្លួន​សម្រាប់​របួស​ដែល​មិន​អាចយ​កបង់​រុំ​ឃាត់ឈាម​មក​ចងបាន ដូចជា រង្វះ​ជ្រៅ​ដល់​ក្រលៀន និង​ក្លៀក​ជាដើម​។ 

​អេ​ប៉ង់​នោះ​នឹង​ពង្រីក​ខ្លួន​នៅ​ខាងក្នុង​របួស ដោយ​បង្កើត​សម្ពាធ​មួយ​ដែល​អាច​ឃាត់ឈាម​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ក្នុងពេល​តែ ២០ វិនាទី ឬ​ក្រោម​នេះ​ផង​។ ល្បឿន​នៃ​ការព្យាបាល​នេះ​គឺជា​អត្ថប្រយោជន៍​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ ដែល​អាច​ផ្លាស់ប្តូរ​ស្ថានការណ៍​ពី​ស្លាប់​មក​រស់​វិញ​បាន​។ 

​លោក John Steinbaugh អតីត​គ្រូពេទ្យ​នៃ​កង​ប្រតិបត្តិការ​ពិសេស​របស់​យោធា​អាមេរិក ដែល​បាន​រកឃើញ​ឧបករណ៍ XStat មុនគេ​បាន​ប្រាប់​វេ​ប​សាយ Popular Science ថា "​មុនពេល​អ្នកយក​បង់​រុំ​គ្រប​លើ​របួស ឈាម​លែង​ហូរ​បាត់ទៅហើយ​"​។ 

​ឧបករណ៍​នេះ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ​នៅ​រដ្ឋ​អូ​រី​ហ្គិ​ន​ឈ្មោះថា RevMedx ហើយ​មុននេះ​ត្រូវបាន​អនុម័ត​ឲ្យ​ប្រើ​សម្រាប់​យោធា​ដើម្បី​ញាត់​ចូល​របួស​ធ្ងន់ធ្ងរ​នៅ​សមរភូមិ​កាលពី​ខែមេសា ឆ្នាំ​២០១៤​។ ឧបករណ៍​រកឃើញ​ថ្មី​នេះ​គឺជា​លាភ​ពី​ព្រះ​ជា​ម្ចាស់​សម្រាប់​ទាហាន​ទាំងឡាយ ដែល​អត្រា​ស្លាប់​ភាគច្រើន​គឺ​បង្កឡើង​ដោយ​ការ​ហូរឈាម​រហូតដល់​ស្លាប់​។  

​វិធី​ព្យាបាល​គឺ​ងាយស្រួល​ទេ​។ សឺ​រ៉ាំ​ង​មួយ​ផ្ទុក​អេ​ប៉ុង​ដែល​បាន​បង្ហាប់​ចំនួន ៩២ គ្រាប់​ដែល​ផ្សំ​ជាមួយ​វត្ថុ​ធាតុ​អាច​រលាយ និង​វត្ថុ​ធាតុ​ប្រឆាំង​មេរោគ​។ អេ​ប៉ុង​នេះ​ត្រូវបាន​ផលិត​ចេញពី​បណ្តូលឈើ​ម្យ៉ាង​ដែល​មិន​រលាយ​ចូល​រាងកាយ​របស់​មនុស្ស​ទេ និង​ត្រូវបាន​ផ្សំ​ជាមួយនឹង​សារធាតុ Chitosan ដែល​ជម្រុញ​ដល់​ការ​ឃាត់ឈាម និង​ទប់ស្កាត់​ការឆ្លង​មេរោគ​។ 

​នៅពេល​បាញ់​អេ​ប៉ុង​នេះ​ចូលក្នុង​របួស វា​នឹងធ្វើ​ឲ្យ​មុខរបួស​ឡើង​ហើម រួច​ខ្ទប់​មុខរបួស​នោះ​ទាំងស្រុង​មិន​ឲ្យ​ហូរឈាម​ទេ​។ វា​មាន​ប្រសិទ្ធភាព​ខ្ទប់​ឈាម​រហូតដល់​ទៅ ៤ ម៉ោង ជា​ពេលវេលា​គ្រប់គ្រាន់​ល្មម​ដែល​អាច​បញ្ជូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ​ដើម្បី​វះកាត់​យក​គ្រាប់​ចេញ​៕

 

​ប្រភព​៖ ធិ​ក​អ៊ី​ន​សាយ​ឌ័​រ

adverise with khmeread

មតិយោបល់