adverise with khmeread Index

ស្រវឹងបើករថយន្ដបុកម៉ូតូណៃហតរបួសធ្ងន់ពីរនាក់

     ភ្នំពេញ៖ បុរសពីរនាក់បានរងរបួសធ្ងន់ធ្ងរដោយតែពួកគេជិះម៉ូតូណៃហតមួយគ្រឿង ហើយត្រូវរថយន្ដកាមរីហាយព្រីតបុកចំពីមុខពេញទំហឹង បន្ទាប់មកម្ចាស់រថយន្ដបានបើកទ្វារចុះរត់គេចខ្លួនបាត់។
   គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ៧០ នៅចំណុចខាងមុខផ្ទះសំណាក់ វិមានបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញមានបុរសពីរនាក់ជិះម៉ូតូណៃហត ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧០ ទិសដៅពីកើតទៅលិច។
     លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ដមួយគ្រឿងម៉ាកកាមរីហាយព្រីតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2V-7577 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងធ្វើដំណើរទិសដៅបញ្ច្រាសទិសគ្នាហើយបានវ៉ាម៉ូតូពីរគ្រឿងជ្រុលទៅបុកម៉ូតូណៃហតពេញទំហឹងបណ្ដាលឲ្យបុរសទាំង២នាក់បាក់ជើង។ចំណែកម៉ូតូនិងរថយន្ដរងការខូចខាតទាំងសងខាង។
     ក្រោយពីកើតហេតុម្ចាស់រថយន្ដបានបើកទ្វាររថយន្ដចុះរត់គេចខ្លួនបាត់។បន្ទាប់មកកម្លាំងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងយកម៉ូតូនិងរថយន្ដយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់