1

Del Piero និយាយថា Neymar នឹង​ឈ្នះ Ballon d'Or នៅ​ថ្ងៃ​អនាគត​

​    ​វីរៈបុរស​អ៊ីតាលី លោក Alessandro Del Piero និយាយថា កីឡាករ Neymar "​មាន​អនាគត​វែងឆ្ងាយ​" ហើយ​បាន​គាំទ្រ​កីឡាករ​រូបនេះ​ថា នឹង​ចូល​ជំនួស​កន្លែង​របស់ Lionel Messi និង​គ្រង​តំណែង​កីឡាករ​ល្អ​ជាងគេ​ក្នុង​ពិភព​បាល់ទាត់​។​

​    ​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​កំពុងតែ​លេង​យ៉ាង​រំភើយ​នៅ​ទឹកដី Camp Nou ក្នុង​រដូវ​កាល​នេះ​ជាមួយ​ក្រុម​របស់លោក Luis Enrique នៅតែ​ដាក់​គោលដៅ​លើក​ពាន La Liga, Copa del Rey និង Champions League​។​

​    ​ខណៈ Del Piero ពិតជា​ពិបាក​ក្នុងការ​ជ្រើសរើស​រវាង Messi និង Ronaldo ប៉ុន្តែ​គាត់​គ្មាន​ចម្ងល់​ឡើយ​ចំពោះ Neymar ថា​នឹង​ឈ្នះ​ពាន Ballon d'Or នៅ​ថ្ងៃ​អនាគត​បន្ទាប់ពី​គាត់​លេង​បាន​បី​ឆ្នាំ​ជាមួយ​ក្លឹប​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ Goal ថា "Neymar នៅ​ជា​កីឡាករ​ក្មេង​នៅឡើយ ហើយ Messi និង Ronaldo ស្ថិតនៅ​ចំណុចកំពូល​នៃ​អាជីព​របស់​ពួកគេ​។ គាត់​មាន​អនាគត​ចំពោះមុខ​គាត់​ហើយ​គាត់​មានឱកាស​ដ៏​អស្ចារ្យ​ដើម្បី​ឈ្នះ​ពាន Ballon d'Or នៅ​ថ្ងៃ​អនាគត​"​។​

​    ​គាត់​បាន​បន្តថា "Messi ឬ Ronaldo? ខ្ញុំ​មិនដែល​ឆ្លើយ​សំណួរ​នេះ​នៅក្នុង​ជីវិត​របស់ខ្ញុំ​ឡើយ ព្រោះ​វា​ពិតជា​ពិបាក​ដើម្បី​ជ្រើសរើស​ហើយ​ពិតជា​ងាយស្រួល​ដើម្បី​ជ្រើសរើស​ក្នុងពេល​ដំណាលគ្នា​។ ខ្ញុំ​អាច​បិទ​ភ្នែក​របស់ខ្ញុំ​ហើយ​ជ្រើស​នរណាម្នាក់​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ​! អ្នក​ទាំងពីរ​គឺ​អស្ចារ្យ​ដូចគ្នា​"៕

ប្រភព៖ Goal

មតិយោបល់