លោក Mauricio Pochettino ចង់ជួបជុំឡើងវិញជាមួយអតីតខ្សែបម្រើ Christian Eriksen នៅក្លឹប Paris Saint-Germain ។
អតីតគ្រូបង្វឹកក្លឹប Spurs បានចូលរួមជាមួយក្លឹបយក្សបារាំង បន្ទាប់ពីអវត្តមានពីការងារបាល់ទាត់ជាងមួយឆ្នាំ ហើយភ្លាមៗនេះចង់ពង្រឹងក្រុមរបស់លោកតាមរយៈការចូលរួមទីផ្សារទិញដូរកីឡាករ។
មានការចរចាខ្ចីជើងកីឡាករ Dele Alli របស់ក្លឹប Tottenham ដែលក្លាយជាកីឡាករលេចធ្លោ ក្រោមការដឹងនាំរបស់លោក Pochettino អំឡុងពេលធ្វើការជាមួយគ្នាច្រើនឆ្នាំនៅក្លឹប Spurs ប៉ុន្តែគេជឿថា លោក Pochettino ចាត់ទុកកីឡាករ Eriksen គឺជាគោលដៅចម្បងជាង។
បច្ចុប្បន្ន ក្លឹប Spurs ស្ទាក់ស្ទើរមិនចង់ឲ្យ Alli ចាកចេញតាមរយៈកិច្ចសន្យាខ្ចីជើងនោះទេ បើទោះបីជាកីឡាកររូបនេះមិនសូវមានឱកាសបង្ហាញមុខក្រោមការដឹកនាំរបស់លោក Jose Mourinho ហើយត្រូវតែមានការបញ្ចុះបញ្ចូលហើយ។ ប៉ុន្តែកីឡាករ Eriksen កំពុងតែមានបញ្ហាជាមួយក្លឹប Inter បន្ទាប់ពីចូលរួមបានមួយឆ្នាំក្រោយពីចាកចេញពីក្លឹប Tottenham ដូច្នេះកីឡាកររូបនេះអាចចាប់អារម្មណ៍នឹងឱកាសដើម្បីបង្ហាញមុខជាថ្មី។
កីឡាករវ័យ២៨ឆ្នាំរូបនេះគឺជាផ្នែកសំខាន់ជាមួយក្រុមរបស់លោក Pochettino កាលនៅក្លឹប Spurs និងធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League កាលពីឆ្នាំ២០១៩៕
