adverise with khmeread Index

កុងតឺន័រ​បុក​បុរស២នាក់របួសធ្ងន់ ខណៈជិះម៉ូតូយកទារិកាអាយុ៣ខែបោះចោល

     ភ្នំពេញ ៖ មានរឿងដ៏ភ្ញាក់ផ្អើលមួយ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរ​​ ដោយសាររថយន្តកុងតឺន័រ បុកខណៈពេលជិះម៉ូតូយកទារិកាអាយុ៣ខែ ដែលជាកូនរបស់សង្សារខ្លួន​ ទើបតែលេបថ្នាំទម្លាក់ចោល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ១៦​ ធ្នូឆ្នាំ២០១៥នៅលើផ្លូវអូរដឹមទំនប់កប់ស្រូវ មុខរោងចក្រប៊ឺរី ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ​​  ខណ្ឌពោធិសែនជ័យ ។
    ប្រភពពត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញបុរស២នាក់ជិះម៉ូតូម៉ាសស្មាស់វីរីវ៉ូ​ពណ៍ខ្មៅ១គ្រឿងពាក់ស្លាកលេខកំពត​1G-0130 ជិះ​តាម បណ្តោយផ្លូវអូរដឹមទំនប់កប់ស្រូវ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។
    លុះជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័របើកចេញពីផ្លូវលំ ទល់មុខរោងចក្រប៊ឺរី ឆ្លងផ្លូវបេតុង​បាន បន្តិច​ក៏ទៅបុកចំម៉ូតូ បុរសទាំង២នាក់ បណ្តាលឲ្យដួលបោកក្បាលទៅថ្នល់ហូរឈាម​សន្លប់ស្តូកស្តឹង​ ហើយនៅក្បែរខ្លួនបុរសរងគ្រោះទាំង២នាក់គេឃើញមានទារិកា អាយុប្រហែល៣ខែ​​ ខ្ចប់កន្សែងសច្រកក្នុងថង់ ធ្វើឲ្យប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍មានការងើយឆ្លល់គ្រប់ៗគ្នា។
    ជនរងគ្រោះឈ្មោះលី ជីវ័ន្តភេទប្រុសអាយុ២៤ឆ្នាំមុខរបរបុគ្គលិកខារ៉ាអូខេស្នាក់នៅផ្ទះលេខ២Kផ្លូវទំនប់កប់ស្រូវភូមិជម្ពូវ័ន សង្កាត់ចោមចៅ របួសធ្ងន់បើកម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅស្លាកលេខកំពត1G-0130និងបុរសរួមដំណើរម្នាក់ទៀតរបួសស្រាល ។
    ចំណែករថយន្តកុងតឺន័រម៉ាក ហ៊ីយាន់ដាយក្បាលពណ៍ទឹកប៊ិច១គ្រឿងពាក់ស្លាកលេខភ្នំពេញ3B-4156បើកបរដោយឈ្មោះយ៉េត សុជាតាភេទប្រុសអាយុ២៨ឆ្នាំស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ខេត្តព្រះសីហនុ ។
   តាមសម្តីស្រ្តី២នាក់ដែលស្គាល់ជនរងគ្រោះ​ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះម្នាក់មានប្រពន្ធហើយមានផ្ទៃពោះ៦ខែ និងជនរងគ្រោះម្នាក់ទៀត មានសង្សារជានារីបម្រើការក្នុងក្លឹបកម្សាន្តហើយមានផ្ទៃពោះ៣ទៅ៤ខែ ហើយទារិកានេះសង្ស័យជាកូនរបស់ជនរងគ្រោះជាមួយសង្សារ​ ដែលទើបនិងលេបថ្នាំទម្លាក់ ។ប្រហែលជាចង់យកកូននោះទៅបោះចោល ពីព្រោះជនរងគ្រោះនិងសង្សារ​នោះជាអ្នកជួលបន្ទប់ក្បែរគ្នា ។
    ពេលជិះម៉ូតូមកដល់ទីនេះក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង។ភ្លាមរថយន្តបង្កនិងតៃកុងត្រូវបាន សន្តិសុខនៅក្បែរនោះដេញចាប់បាន​ ប្រគល់ឲ្យសមត្ថកិច្ច។មូលហេតុដោយសាររថយន្តបើកចេញពីផ្លូវលំមិនគោរពសិទ្ធិផ្លូវត្រង់។
    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរក្រុង បានធ្វើការវាស់វែងនាំយកម៉ូតូនិងរថយន្តបង្កទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយ៕

adverise with khmeread

មតិយោបល់