ខ្សែបម្រើស្លាប Allan Saint Maximin របស់ក្លឹប Newcastle បានវិលត្រឡប់មកវិញហើយ ខណៈកីឡាកររូបនេះបន្តសះស្បើយពីជំងឺកូវីដ-១៩។
កីឡាករវ័យ២៣ឆ្នាំរូបនេះបានវិលត្រឡប់ទៅប្រទេសបារាំងវិញ មុនពេលថ្ងៃបុណ្យណូអែល បន្ទាប់ពីគ្រូបង្វឹក Steve Bruce បានបង្ហើបប្រាប់ថា កីឡាកររូបនេះកើតជំងឺកូវីដរយៈពេលយូរ ហើយមិនទាន់ដឹងថា អាចលេងបានវិញនៅពេលណានោះទេ។
ប៉ុន្តែនៅពេលនេះ Saint-Maximin បានវិលត្រឡប់មកតំបន់ North-East វិញ ហើយនឹងត្រូវក្រុមវេជ្ជសាស្ត្រតាមដានស្ថានភាពសះស្បើយពីជំងឺកូវីដ។ កីឡាកររូបនេះបានបង្ហាញមុខលើកចុងក្រោយកាលពីថ្ងៃទី២១ខែវិច្ឆិកា ហើយនឹងត្រូវការការហ្វឹកហាត់សមស្របមុនពេលសម្រេចថា តើអាចលេងបានវិញនៅពេលណាជាមួយក្រុមជម្រើសដំបូង ប៉ុន្តែថា កីឡាកររូបនេះទំនងជាខកខានការប្រកួតយ៉ាងហោចណាស់ពីរសប្តាហ៍ទៀត។
ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួន១៦លានផោនរូបនេះស្ថិតក្នុងចំណោមកីឡាករ១០រូបដែលតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីខែមុន ហើយលោក Steve Bruce បានបង្ហើបប្រាប់ថា មានពីរនាក់ធ្លាក់ខ្លួនឈឺធ្ងន់គឺ Saint-Maximin និងប្រធានក្រុម Jamaal Lascelles ។
ដំបូងឡើយលោក Steve Bruce មិនបានបង្ហើបប្រាប់ឈ្មោះកីឡាករទេ ប៉ុន្តែក្រោយមក ក្លឹបនេះបង្ខំចិត្តបញ្ជាក់ប្រាប់ពីអត្ថសញ្ញាណរបស់ពួកគេ បន្ទាប់ពីមានព័ត៌មានតាមអ៊ីនធើណិតបញ្ចេញឈ្មោះ៕
