ក្រុមហ៊ុនមួយនៅចិននឹងផាកលុយបុគ្គលិកណាចូលបន្ទប់ទឹកលើសពីម្តងក្នុងមួយថ្ងៃ

ក្រុមហ៊ុនចិនមួយត្រូវបានគេរិះគន់យ៉ាងខ្លាំងសម្រាប់ការផាកបុគ្គលិកដែលប្រើប្រាស់បង្គន់ច្រើនជាងម្ដងក្នុងមួយថ្ងៃ។

ក្រុមហ៊ុន Anpu Electric Science and Technology ដែលមានមូលដ្ឋានក្នុងទីក្រុង Dongguan ខេត្ត Guangdong បានសារភាពថាបានអនុវត្តគោលការណ៍ម៉ោងសម្រាកចូលបង្គន់ម្តងក្នុង ១ ថ្ងៃនិងពិន័យបុគ្គលិកដែលរំលោភវាជាប្រាក់ ២០ យ័ន (៣ ដុល្លារ) ។ យោងតាមសេចក្តីជូនដំណឹងដែលចេញដោយក្រុមហ៊ុននិងត្រូវនិយោជិតមិនពេញចិត្តទម្លាយលើបណ្តាញសង្គម មានបុគ្គលិកយ៉ាងហោចណាស់ ៧ នាក់ ត្រូវបានផាកពិន័យនៅថ្ងៃទី ២០ និង ២១ ខែធ្នូ។ 
ច្បាប់នេះបានធ្វើឱ្យមានការខឹងសម្បាតាមអ៊ីនធឺណេតប៉ុន្តែមន្រ្តីក្រុមហ៊ុនបានពន្យល់ពីការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងក្នុងការបង្កើតច្បាប់ដ៏ចម្លែកនេះដោយនិយាយថា និយោជិតជាច្រើនខ្ជិលច្រអូស និងប្រើបង្គន់ដើម្បីជក់បារីយូរៗនិងគេចវេសភារកិច្ចរបស់ពួកគេ។

អ្នកគ្រប់គ្រងក្រុមហ៊ុនឈ្មោះ Cao បានប្រាប់ទូរទស្សន៍ក្វាងទុងថា "យើងអស់សង្ឃឹមហើយ។ ការពិតគឺថាបុគ្គលិកខ្ជិលច្រអូសនៅកន្លែងធ្វើការ។ អ្នកគ្រប់គ្រងបាននិយាយជាមួយបុគ្គលិកទាំងនោះជាច្រើនដង ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលជាវិជ្ជមាននៅឡើយទេ"។

លោក Cao បានបន្ថែមទៀតថាច្បាប់នៃការសម្រាកចូលបង្គន់អនាម័យត្រូវបានចាត់ទុកថាជាជម្រើសល្អប្រសើរជាជាងការបណ្តេញបុគ្គលិក ពីព្រោះការស្វែងរកបុគ្គលិកថ្មីនឹងមានការលំបាកជាង។ លោកក៏បានបញ្ជាក់ផងដែរថា អ្នកដែលល្មើសមិនត្រូវបានគេស្នើសុំឱ្យបង់ប្រាក់ពិន័យ ២០ យ័នទេ ផ្ទុយទៅវិញចំនួនទឹកប្រាក់ត្រូវបានដកពីប្រាក់រង្វាន់ប្រចាំខែរបស់ពួកគេ៕ 


 

adverise with khmeread