លោក Jose Mourinho បានបញ្ជាក់ថា កីឡាករ Dele Alli បានត្រឡប់មកក្នុងផែនការរបស់លោកសម្រាប់ក្រុមជម្រើស Tottenham វិញហើយ ហើយអាចនឹងបង្ហាញមុខ សម្រាប់ការប្រកួតជាមួយក្រុម Aston Villa ខណៈលោកសាទរខ្សែបម្រើរូបនេះ អំឡុងពេលប្រកួតឈ្នះក្រុម Marine នៅ FA Cup ។
កីឡាករវ័យ២៤ឆ្នាំរូបនេះធ្វើបានល្អ អំឡុងពេលក្រុម Spurs ប្រកួតឈ្នះក្រុមកម្រិតទាបក្រៅ League ៥-០ ដោយបង្កើតឱកាសរកគ្រាប់បាល់ដំបូងសម្រាប់កីឡាករ Carlos Vincius និងបានចូលរួមសកម្មភាពជាច្រើន បន្ទាប់ពីគ្រូបង្វឹក Mourinho ដាក់ឲ្យលេងទាំងកម្រ។
ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះចាប់ផ្តើមលំបាកនិងមិនសូវមានឱកាសបង្ហាញមុខទេនៅក្របខណ្ឌ Premier League នៅរដូវកាលនេះ។
ប៉ុន្តែ Alli ហាក់ដូចជាបានពុះពារវិលត្រឡប់មកកាន់ទីលានវិញ ខណៈពួកគេត្រៀមប្រកួតកម្រិតកំពូលជាមួយក្រុម Aston Villa នៅថ្ងៃពុធ។
លោក Mourinho បាននិយាយថា “គាត់មានវត្តមាននៅថ្ងៃនេះ ហើយប្រាកដណាស់ វាមិនមែនជាការប្រកួត ដើម្បីស្ទង់កម្រិតគុណភាពនោះទេ។ ប៉ុន្តែកម្រិតអាជីពនិងឥរិយាបថ ហើយខ្ញុំសប្បាយចិត្ត។ ខ្ញុំគ្មានអ្វីភ្ញាក់ផ្អើលទេ ប្រសិនបើថ្ងៃពុធ Dele បង្ហាញមុខជាមួយក្រុមជម្រើស”៕
