លោក Sam Allardyce អំពាវនាវឲ្យពិចារណាបិទប្រទេសជាថ្មី ស្របពេលករណីឆ្លងកើនឡើងនៅ Premier League

        លោក Sam Allardyce ជា​ថ្មីម្តងទៀត​បាន​អំពាវនាវ​ឲ្យ​ពិចារណា​បិទ​ការ​ប្រកួត​បាល់ទាត់​​ ខណៈ​គ្រូបង្វឹករបស់ក្លឹប West Bromwich រូបនេះ​ទទួល​ស្គាល់ថា “​ខ្ញុំ​មិនដឹងថា តើ​យើងអាចបន្ត​យូរ​ប៉ុណ្ណា​ទេ”។

        មាន​ការ​ផ្ទុះឡើង​ជំងឺ​កូវីដ-១៩ ច្រើន​ករណី​នៅក្នុងវិស័យបាល់ទាត់​អង់គ្លេស​នៅ​ប៉ុន្មាន​សប្តាហ៍​នេះ ស្របពេល​ការប្រកួត​ធំៗ​ត្រូវ​ផ្អាក​ ខណៈ​មាន​ការ​ផ្ទុះ​ឡើង​ជំងឺកូវីដ​នៅ​ក្នុងក្លឹប Manchester City និង​ Fulham ។

នៅ​សប្តាហ៍​នេះ ក្របខណ្ឌ Premier League រកឃើញ​ករណីឆ្លងកូវីដ-១៩ ៤០​ករណី​ថ្មីនៅក្នុងជំរុំនៃការ​ធ្វើ​តេស្ត​ថ្មីៗនេះ គឺច្រើន​ជាង​ពីរដងនៃករណីដែល​បាន​រកឃើញ​កាលពីសប្តាហ៍​កន្លងទៅ​ និង​ជា​ស្ថិតិ​ខ្ពស់នៅក្របខណ្ឌបាល់ទាត់​កំពូល​នេះ។  

        លទ្ធផល​តេស្ត​ថ្មីៗនេះ​កើត​មាន​ចំពេល​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​បារម្ភ​នូវ​វីរុស​កូរ៉ូណា​នៅប្រទេសអង់គ្លេស​ ស្របពេល​នាយក​រដ្ឋមន្ត្រី Boris Johnson ដាក់​ចេញវិធានការ​ ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាលជំងឺកូវីដ-១៩ ដែល​គេដឹងថា ងាយ​ឆ្លង​បំផុតនោះ។

        នៅ​ពេល​នេះ ក្របខណ្ឌ Premier League ចាប់ផ្តើម​ធ្វើ​តេស្ត​កីឡាករ​ពីរ​ដងក្នុង​មួយសប្តាហ៍​ ហើយ​ចាប់ផ្តើម​ដាក់ចេញនូវ​វិធានការ​ណ៍​​តឹងរឹងជាងមុន​ដើម្បី​រារាំង​ហានីភ័យ​នៃការ​រីករាលដាលវីរុស​នេះបន្ថែមទៀត៕

adverise with khmeread