adverise with khmeread 59888f3d 4c9f 4794 817f 82cf90bec65d

ម្ចាស់​រោងចក្រ​លី​ដ​វីន​ស៊ូ​រៀបចំ​ពិធីជប់លៀង​អបអរ​បុណ្យចូលឆ្នាំ​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ថៅកែ​រោងចក្រ​ស្បែកជើង​លី​ដ​វីន​ស៊ូ ខេ​ម​បូ​ឌា​(Leadwind Shoes Cambodia)​បានរៀបចំ​ពិធីជប់លៀង​ឲ្យ​កម្មករ កម្មការិនី​ទាំងអស់​និង​រាំ​លែង​កម្សាន្ត​សប្បាយ ទាំង​ចិន​ទាំង​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី​៩​មេសា​ឆ្នាំ​២០១៦​ដើម្បី​ចូលរួម​អបអរ​សារ​ទរ​បុណ្យចូលឆ្នាំថ្មី​ផង​និង​អបអរ​ការអនុវត្ត​ខួប​ឆ្នាំ​ទី​២​អាណត្តិ​ទិ​២​នៃ​អនុសញ្ញា​រួម (CBA)​ហើយ​ការរៀបចំ​ពិធី​នេះ​គឺ​បាន​សរសេរ​ចូលទៅក្នុង​អនុសញ្ញា​រួម​របស់​សហជីព​និង​រោងចក្រ​ជាស្រេច។​

      ពិធី​បែបនេះ​ត្រូវបាន​លោក​ថៅកែ​រោងចក្រ​រៀបចំ​ធ្វើជា​រៀងរាល់ឆ្នាំ​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ជូន​កម្មករ កម្មការិនី ចំនួន ១២៥០​នាក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​បណ្ឌិត​វង្ស សុវណ្ណ អគ្គលេខាធិការរង​នៃ​គណ​:​កម្ម​ការដោះស្រាយ​កូដកម្ម បាតុកម្ម​នៅ​គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ។​

      លោក​ហៀក បូរី ប្រធាន​សាខា​សហព័ន្ធ​សហជីព​ការងារ​កម្មករ​កម្ពុជា​(CWLFU) ប្រចាំ​រោងចក្រ បាន​ថ្លែងអំណរគុណ​ដល់ លោក​លាវ ជី​ង​លី​តំណាង​លោក​លីង មីង​តុង​ថៅកែ​រោងចក្រ​ជនជាតិ​ចិនតៃវ៉ាន់​ដែល​តែងតែ​រៀបចំ​ពិធី​ខាងលើនេះ​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​រោងចក្រ​។​ សម្រាប់​ឆ្នាំនេះ​រោងចក្រ​មាន​រៀបចំ​ពិធី​ឲ្យ​កម្មករ​ទាំងអស់​និង​មានការ​ប្រគុំ​តន្ត្រី​រាំលេង​កម្សាន្ត ហើយ​លោក​ថៅកែ​បាន​ផ្តល់ជូន​ភេសជ្ជ​:​ទៀតផង​។​

      លោក​ហៀក បូរី និយាយថា ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​សហជីព​ដែល​គិត​អំពី​ផលប្រយោជន៍​កម្មករ​ជាធំ សហជីព​មូលដ្ឋាន​បាន​ជួបចរចា​ទ្វេភាគី​ជាមួយ​លោក​ថៅកែ បានធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ​នៅ​រោងចក្រ​នេះ​មាន​លក្ខណ​:​ល្អប្រសើរ​ជាង​ច្បាប់​។ ជាក់ស្តែង ប្រាក់ខែ​គោល​របស់​កម្មករ​សាក​ល្បង​១៤៥​ដុល្លារ​និង​ប្រាក់ខែ​កម្មករ​ពេញសិទ្ធិ​១៥០​ដុល្លារ​(​ប្រសើរ​ជាង​ច្បាប់​១០​ដុល្លារ​) , ប្រាក់​ធ្វើដំណើរ​រោងចក្រ​ផ្តល់ជូន​កម្មករ​១២​ដុល្លារ​ប្រសើរ​ជាង​ច្បាប់​៥​ដុល្លារ​, ប្រាក់រង្វាន់​ទទួលបាន​១២​ដុល្លារ​ប្រសើរ​ជាង​ច្បាប់​២​ដុល្លារ​, ប្រាក់​លើកទឹកចិត្ត​(​លុយ​តិច​អៀរ​) មួយឆ្នាំ​៥​ដុល្លារ ហើយ​មួយឆ្នាំ​ដំឡើង​៥​ដុល្លារ​។ ​ចំណែក​ស្ត្រី​សម្រាលកូន​រោងចក្រ​បើកប្រាក់​ជូន​៦០​ភាគរយ​មុន​រយ​:​ពេល​៣​ខែ​៥​ថ្ងៃ​(៩៥​ថ្ងៃ​)​ដោយ​មិន​គិត​បញ្ចូល​ថ្ងៃបុណ្យ ដែល​ពីមុន​ជូន​តែ​៥០​ភាគរយ​មុន​រយ​:​ពេល​៩០​ថ្ងៃ​ប៉ុណ្ណោះ។​

       លោក​ហៀក បូរី​បន្តទៀតថា ប្រសិន​កម្មករ​ណា​មិន​យកប្រាក់​សោហ៊ុយ ធ្វើដំណើរ ខាង​រោងចក្រ​មាន​បន្ទប់​ជួល​ជូន​កម្មករ​ស្នាក់នៅ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ដែលមាន​ទីតាំងនៅ​ក្បែរ​រោងចក្រ​ក្នុង​មួយ​បន្ទប់​តម្លៃ​៥០​ដុល្លារ ដែល​តម្រូវ​ឲ្យ​កម្មករ​ស្នាក់នៅ​៤​នាក់​។​ ចំណែក​លុយ​ថ្លៃ​បាយ​កម្មករ​ទទួលបាន​១២០០ រៀល​លើសពី​ច្បាប់​២០០​រៀល រីឯ​លុយ​ថ្លៃ​បាយ​ថ្ងៃត្រង់​ទទួលបាន​២០០០​រៀល​។​

       ពិសេស​ជាង​នេះ​គឺ​លោក​ថៅកែ​រោងចក្រ​បានអនុញ្ញាត​ឲ្យ​កម្មករ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ចាប់​ថ្ងៃទី​៩​ដល់​១៧​មេសា ហើយ​នៅ​ថ្ងៃទី​១៨​មេសា​ចូលធ្វើការ​វិញ​។​ដោយសារតែ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​ទើប​នៅ​រោងចក្រ​នេះ​បញ្ជៀ​សបាន​ការធ្វើ​កូដកម្ម បាតុកម្ម​ផ្សេងៗ។​

       លោក​ ស៊ុន ចុង​សៀន​ តំណាង​លោក​ថៅកែ​រោងចក្រ​ លោក ​លីង មីង​តុង​ និយាយថា ក្នុង​រយ​:​ពេល​មួយឆ្នាំ​កន្លងទៅ​កម្មករ កម្មការិនី​ទាំងអស់​ខិតខំ​បំពេញការងារ​បាន​យ៉ាង​ល្អប្រសើរ ហើយ​លោក​បាន​ជំរុញ​ឲ្យ​កម្មករ​ខិតខំ​ថែមទៀត​ដើម្បី​រកប្រាក់​ចំណូល​ឲ្យ​បាន​ខ្ពស់ជាង​ឆ្នាំនេះ។​

       លោក​បណ្ឌិត ​វង្ស សុវណ្ណ  បាន​ថ្លែង​កោតសរសើ​ដល់​លោក​ថៅកែ​រោងចក្រ​ដែល​បានរៀបចំ​ពិធី​នេះ​ឡើង​ដើម្បី​លើកទឹកចិត្ត​កម្មករ កម្មការិនី​ឲ្យ​ខិតខំ​បំពេញការងារ ម្យ៉ាងទៀត​ដោយសារ​រោងចក្រ​នេះ​បាន​សហការ​ធ្វើ​CBA​ជា​រៀងរាល់​២​ឆ្នាំ​ម្តង​ដែល​បាន​កាត់បន្ថយ​នូវ​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​កន្លងមក៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់