អ្នកស្រាវជ្រាវជប៉ុនអះអាងថាផឹកតែអ៊ូឡុងចិនមួយថ្ងៃពីរពែងអាចជួយដុតជាតិខ្លាញ់ក្នុងរាងកាយពេលអ្នកកំពុងដេកលក់

យោងតាមអ្នកស្រាវជ្រាវបានឱ្យដឹងថា ការផឹកតែអ៊ូឡុងចិនចំនួន ២ ពែងក្នុងមួយថ្ងៃអាចជួយអ្នកដុតបំផ្លាញជាតិខ្លាញ់ចង្រៃក្នុងរាងកាយ នៅពេលអ្នកកំពុងគេងលក់ ដោយជួយជម្រុញការរំលាយអាហារពេលយប់របស់អ្នក។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២១។

ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Tsukuba នៅប្រទេសជប៉ុនបានឱ្យដឹងថា តែអ៊ូឡុងត្រូវបានបំលែងដោយធាតុអុកស៊ីសែនដោយផ្នែកៗ ដូច្នេះវាផ្តល់អត្ថប្រយោជន៍សុខភាពជាក់លាក់មួយចំនួនរួមមានការដុតបំផ្លាញជាតិខ្លាញ់។

ក្រុមអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អមួយក្រុមត្រូវបានស្នើសុំឱ្យផឹកតែអ៊ូឡុង កាហ្វេអ៊ីនសុទ្ធ ឬ ភេសជ្ជៈសាកល្បងមួយផ្សេងទៀត ក្នុងអំឡុងរយៈពេល ២ សប្តាហ៍ដើម្បីសិក្សាពីរបៀបដែលវាផ្លាស់ប្តូរការបំបែកជាតិខ្លាញ់។

ទាំងតែអ៊ូឡុងនិងកាហ្វេអ៊ីនសុទ្ធបង្កើនការបំបែកជាតិខ្លាញ់ប្រហែល ២០ ភាគរយបើប្រៀបធៀបទៅនឹងការផឹកភេសជ្ជៈសាកល្បង ប៉ុន្តែតែអ៊ូឡុងនៅតែបន្តធ្វើសកម្មភាពដុតជាតិខ្លាញ់ ទោះបីអ្នកស្ម័គ្រចិត្តដេកលក់ក៏ដោយ។

អ្នកនិពន្ធជាន់ខ្ពស់គឺសាស្ត្រាចារ្យ Kumpei Tokuyama បាននិយាយថា តែអ៊ូឡុងផ្ទុកជាតិកាហ្វេអ៊ីន ដែលជះឥទ្ធិពលដល់ការរំលាយថាមពល ដោយបង្កើនចង្វាក់បេះដូងរបស់យើង ហើយវាក៏បង្កើនការបំបែកជាតិខ្លាញ់ដោយឯករាជ្យពីឥទ្ធិពលរបស់ជាតិកាហ្វេអ៊ីនផងដែរ។

លោក Tokuyama ជឿថា ការផឹកតែអ៊ូឡុងជាប្រចាំពីរបីពែងក្នុងមួយថ្ងៃនឹងប្រយុទ្ធប្រឆាំងនឹងជាតិខ្លាញ់ដែលពូនផ្តុំនារដូវបុណ្យទាននេះ។ 

លោកនិយាយថា ការសម្រកទម្ងន់នៅពេលអ្នកកំពុងដេកលក់អាចស្តាប់ទៅហួសពីការពិតពេក ប៉ុន្តែការផឹកតែអ៊ូឡុងពិតជាអាចជួយដុតជាតិខ្លាញ់បានពិតមែន៕

adverise with khmeread