កីឡាករ Kazuyoshi Miura នៅតែមិនអាចដកខ្លួនចេញពីវិស័យបាល់ទាត់។
បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ៥៣ឆ្នាំរូបនេះបានចុះកុងត្រាមួយឆ្នាំបន្ថែមទៀតជាមួយនឹងក្លឹបបាល់ទាត់ Yokohama FC កាលពីថ្ងៃចន្ទ មានន័យថាគាត់នឹងបន្តលេងរដូវកាលទី៣៦ក្នុងនាមជាកីឡាករបាល់ទាត់អាជីពបន្តទៀត។
Miura បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា "ខ្ញុំបានបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Yokohama FC សម្រាប់រដូវកាល២០២១។ រដូវកាលមុន ពិភពលោកមានផលវិបាកដោយសារវីរុសកូរ៉ូណា ប៉ុន្តែអរគុណដល់មនុស្សជាច្រើនដែលយើងអាចមានអារម្មណ៍រីករាយនៃការលេងបាល់ទាត់។ ខ្ញុំមានអារម្មណ៍ថារដូវកាលមុនធ្វើមិនបានល្អ ប៉ុន្តែមហិច្ឆតាផ្ទាល់ខ្លួននិងចំណង់ចំណូលចិត្តរបស់ខ្ញុំចំពោះបាល់ទាត់បានបន្តកើនឡើង"។
ដោយឡែក កីឡាកររូបនេះនឹងកើនអាយុ៥៤ឆ្នាំ មុនពេល J-League ឆ្នាំ២០២១ចាប់ផ្ដើមនៅចុងខែកុម្ភៈខាងមុខនេះ៕
