ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើសថ្នាំញៀននៅស្រុកស្អាង

កណ្តាល ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិស ស្រុកស្អាងឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉ាទឹកកក នាថ្ងៃ អង្គារទី ១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២រសៀលនៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះយ៉ត យ៉ាងដុង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (+), ២-ឈ្មោះប៉ុណ្ណារ៉ា រ៉ាក់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល និង៣-ឈ្មោះ ឡុត រិទ្ធ ហៅខ្លឹម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ ទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (+)។

វត្ថុតាងចាប់យករួមមាន ១-មេតាំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ២២កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់, តូច ២១កញ្ចប់ ស្មើទំនង់ ៦,០៦ក្រាម, ២-កាំភ្លើងខ្យល់ ចំនួន ០១ដើម និង៣-សម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន។

ប៉ូលិសបន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ូលិសផ្នែកជំនាញ សហការជាមួយកម្លាំងប៉ូលិសផ្នែកយុត្តិធម៍​, ប៉ូលិសប៉ុស្តិ៍តាលន់ និងប៉ូលិសប៉ុស្តិ៍ខ្ពប បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន២២កញ្ចប់ (ធំ០១កញ្ចប់, តូច២១កញ្ចប់), សម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន និងកាំភ្លើងខ្យល់០១ដើម រួចនាំខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបញ្ជូនមកអធិការដ្ឋានស្រុកស្អាង ដើម្បីសាកសួរ​។

ជនសង្ស័យឈ្មោះ យ៉ត យ៉ាងដុង បានសារភាពថា «គ្រឿងញៀនចំនួន ២២កញ្ចប់នេះ ខ្លួនបានពីឈ្មោះ ណារិន ភេទប្រុស នៅចំណុចភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីកាន់លក់ក្នុង០១កញ្ចប់តូច តម្លៃ ២០,០០០រៀល»។

ជនសង្ស័យឈ្មោះ ឡុត រិទ្ធ ហៅ ខ្លឹម បានសារភាពថា »ខ្លួនធ្លាប់កាន់គ្រឿងញៀន (ម៉ាទឹកកក) ឱ្យគេចំនួន ០១លើក»។ ចំណែកជនសង្ស័យឈ្មោះ ប៉ុណ្ណារ៉ា រ៉ាក់ បានសារភាពថា «ខ្លួនធ្លាប់ប្រើប្រាស់(ជក់)គ្រឿងញៀនរយៈពេល២ឆ្នាំ មកហើយ»​។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី​៕


 

adverise with khmeread