ភ្នំពេញ ៖ ប៉ូលិសរាជធានីភ្នំពេញបានបំភ្លឺនៅថ្ងៃទី១៣មករានេះថា ជុំវិញព័ត៌មានទាក់ទងទៅនឹងករណីលួចដោះយកកងដៃ និងខ្សែកសិស្សសាលាដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះថា ពិតជាមានស្ត្រីចំណាស់ម្នាក់លួងលោមសិស្សសាលាដោះយកខ្សែក និងកងដៃពិតមែន ហើយប៉ូលិសកំពុងបើកការស្រាវជ្រាវចាប់ជនល្មើសមកផ្តន្ទាទោស។
ប៉ូលិសបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៧ និង១៥នាទី នៅចំណុចផ្លូវបេតុង ភូមិមិត្តភាព សង្កាត់-ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពិតជាមានករណីស្ត្រីម្នាក់លួងលោមក្មេងស្រីដើម្បីដោះយកគ្រឿងអលង្ការពីជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាលីកា ភេទស្រី អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ មានទីលំនៅផ្ទះលេខB16 ផ្លូវបេតុង ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្ភារ:បាត់បង់រួមមានខ្សែក ០១ខ្សែមានតម្លៃ ២៣០ដុល្លារ និងកងដៃ ០១កងមានតម្លៃ ១៧០ដុល្លារ។
ប៉ូលិសបន្តថា កុមារីដែលជាជនរងគ្រោះបានចេញទៅសាលា ពេលរៀបដើរចូលទៅថ្នាក់រៀនត្រូវបានស្រ្តីវ័យចំណាស់ម្នាក់ និងកុមារីម្នាក់ដែរមិនស្គាល់បាននិយាយល្បួងលួងលោម ឱ្យក្មេងស្រីរងគ្រោះចេញមកខាងក្រៅសាលា ហើយនិយាយបញ្ឆោតឱ្យក្មេងស្រីរងគ្រោះដោះខ្សែកនិងកងដៃដាក់ក្នុងកាបូបខ្លាចគេលួច។
បន្ទាប់មកស្រ្តីវ័យចំណាស់និងក្មេងស្រីជាបក្សពួកបានធ្វើសកម្មភាពដោះខ្សែកនិងកងដៃរបស់ក្មេងស្រីជនរងគ្រោះបានសម្រេច រួចឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនជាបុរសម្នាក់បើកគេចខ្លួនបាត់ទៅ។
ក្រោយពេលកើតហេតុអាណាព្យាបាលរបស់ជនរងគ្រោះបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ ពេលនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបើកការស្រាវជ្រាវឆែកមើលរូបភាពកាម៉េរ៉ាសុវត្ថិភាព និងទទួលបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ។
ចំពោះមុខប៉ូលិសផ្នែកជំនាញខណ្ឌប៉ុស្តិ៍បាន និងកំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕
