សូមប្រុងប្រយ័ត្ន, មានជនខិលខូចកំពុងតែប្រើល្បិចលួចយកព័ត៌មានគណនីវីងតាមរយៈកម្មវិធី Telegram

ភ្នំពេញ ៖ មានករណីជនខិលខូចកំពុងតែប្រើល្បិចលួចយកព័ត៌មានគណនីវីង (Wing) តាមរយៈកម្មវិធី Telegram ដោយសន្យាថា លោកអ្នកនឹងទទួលបានប្រាក់កាសដោយគ្រាន់តែអញ្ជើញមិត្តភក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើ ហើយសូមបញ្ឈប់ការចែកចាយព័ត៌មាននេះ ព្រោះជាអំពើបោកប្រាស់។

ប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានបញ្ជាក់នាថ្ងៃទី១៣ មករា ឆ្នាំ២០២១ថា ប៉ូលិសបានសង្កេតឃើញមានជនខិលខូចមួយចំនួនកំពុងតែចែកចាយតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយសន្យាថា «លោកអ្នកនឹងទទួលបានប្រាក់កាសដោយគ្រាន់តែអញ្ជើញមិត្តភក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើ។ ប៉ុន្តែនៅពេលដែលលោកអ្នកចុចនៅលើតំណភ្ជាប់នោះ ពួកគេនឹងស្នើសុំយកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា បណ្ណសម្គាល់ខ្លួន និងលេខគណនីជាដើម»។

បើតាមការឆ្លើយតបរបស់ក្រុមហ៊ុន Wing តាមរយៈសារឆ្លើយឆ្លង (Comments) គឺក្រុមហ៊ុនពុំមានប្រើប្រព័ន្ធទំនាក់ទំនង Telegram ទេ។ ដូច្នេះសូមលោកអ្នកកុំចុចលើតំណភ្ជាប់នោះ ហើយសូមបញ្ឈប់ការចែកចាយ ព័ត៌មាននេះតាមបណ្ដាញទំនាក់ទំនងសង្គមទៀត។

ប៉ូលិសនាយកដ្ឋានបានអំពាវនាវ សូមឱ្យបងប្អូនអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្នជាមួយការបោកបញ្ឆោតមួយចំនួនមានដូចជា «ការឈ្នះរង្វាន់ ការទទួលបានទំនិញផ្ញើពីបរទេសដែលទាមទារឱ្យលោកអ្នកបង់ប្រាក់ជាមុន ឬទាមទារយកទិន្នន័យផ្ទាល់ខ្លួននោះ ព្រោះនេះគឺជាល្បិចរបស់ជនខិលខូចដើម្បីបោកបញ្ឆោតយកប្រាក់កាសរបស់លោកអ្នក ឬយកទិន្នន័យទាំងនោះដើម្បីលួចចូលគណនី និងធ្វើការបោកបញ្ឆោតផ្សេងៗទៀតតែប៉ុណ្ណោះ»៕

 

adverise with khmeread