ចាប់ខ្លួនបានហើយ,បុរសម្នាក់ដែលអះអាងថាជាមន្ត្រីអាវុធហត្ថ តាមពិតជាបុគ្គលិករោងចក្រកាត់ដេរសោះ

ភ្នំពេញ ៖ បុរសម្នាក់ដែលអះអាងថា ​គាត់ជាមន្ត្រីអាវុធហត្ថដកកាំភ្លើងគំរាមបាញ់យុវជនម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១២ មករា ឆ្នាំ២០២១ ហើយតាមពិតគាត់ជា «បុគ្គលិករោងចក្រកាត់ដេរសោះ»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា «ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា បុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ មានទីលំនៅផ្ទះលេខ១២អ៊ីសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ​ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្រប សម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ»។

លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បន្តថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ កងរាជអាវុធហត្ថបានចេញសេចក្តីប្រកាសព័ត៌មាន និងបានបញ្ជាក់ច្បាស់ថា ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិសស្លោកដែលបានដាក់ចេញ ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ,ច្បាប់ត្រូវតែគោរព ,បទល្មើសត្រូវតែបង្ក្រាប។

ឆ្លៀតក្នុងឱកាសនេះ កងរាជអាវុធហត្ថក៏សូមអំពាវនាវដល់បុគ្គលគ្រប់រូប សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានស្រាយបំភ្លឺថា កងរាជអាវុធហត្ថបានឃើញក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក គណនីឈ្មោះ ព័ត៌មានទាន់ហេតុការណ៍ បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា «គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លើងគំរាមយុវជនម្នាក់»។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាប​ជូនសាធារណជន និង អ្នកសារព័ត៌មាន បានជ្រាបថា កងរាជអាវុធហត្ថបានធ្វើការចុះត្រួតពិនិត្យស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី។ មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា «បុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទី ទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត១៧-០៨-១៩៩៣ មាន​ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ»។

លោកបន្តថា បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខណ្ឌរបស់កងរាជអាវុធហត្ថ និងអាវុធខ្លីម៉ាកកា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ។ កម្លាំងមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និង អនុវត្តតាមច្បាប់។

លោកបញ្ជាក់ទៀតថា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណាដែលប្រព្រឹត្តនូវកំហុសឆ្គង ល្មើសវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌកម្មវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិនៃបទវិន័យទូទៅ និងលក្ខន្តិកៈទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។ 

ក្នុងករណីបុគ្គលណា ប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូច​ទិសស្លោកដែលបានដាក់ចេញនាពេលកន្លងទៅ «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាជនត្រូវតែបម្រើ ច្បាប់ត្រូ​វ​តែគោរព បទល្មើសត្រូវតែបង្ក្រាប»៕


 

adverise with khmeread