សៀមរាប ៖ មានករណីអគ្គិភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋ១ ទិញអេតចាយ ដែលស្ថិតនៅក្រុមទី៧ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃអង្គារទី១២ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង២និង៣០នាទី រលត់ទៅវិញនៅវេលាម៉ោង ៣និង០៣ នាទីរសៀល។
សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះលឿង ប៊ុនចូវ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំកើតហេតុខាងលើ។ បណ្ដាលឲ្យរងការខូចខាត ឆេះគំនរកម្ទេចជ័រសំបកទូរទស្សន៍អេតចាយ ដែលស្តុកទុកនៅខាងក្រោយដែលមានតម្លៃប្រហែលជាង ៣លានរៀល។
នាឱកាសនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង ប្រើទឹកអស់ ០៣ ឡាន រួមមានរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋានប៉ូលិសខេត្តសៀមរាបចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ឡាននិងរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានប៉ូលិសក្រុងសៀមរាបចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ឡាន។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុឆេះបណ្ដាលមកពីអ្នកជិតខាងឈ្មោះ ជា ម៉ិច ភេទប្រុស អាយុ ៤១ ឆ្នាំ បានដុតសំរាមស្លឹកឈើងាប់ៗនៅដីរបស់ខ្លួន ដែលជាប់នៅកន្លែងកើតហេតុ ហើយក៏ឆេះរាលដាលដល់កន្លែងអេតចាយតែម្ដងទៅ៕
