លោកគ្រូលឹម សាយ លោតឆត្រយោងខុសបច្ចេកទេសបណ្តាលឱ្យធ្លាក់បាត់បង់ជីវិត ថ្ងៃបិទហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូជំនាន់​ទី១០

ភ្នំពេញ ៖ លោកគ្រូ លឹម សាយ ដ៏ល្បីល្បាញ ក្នុងបេសកកម្មលោតឆត្របញ្ជា (Free Fall) ​បានលោតឆត្រយោងខុសបច្ចេកទេស បណ្តាលឱ្យធ្លាក់បាត់បង់ជីវិត នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កើតឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូជំនាន់​ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ ​និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ​។

គណនីហ្វេសប៊ុកមួយឈ្មោះ «Hoeun SoPhorn» បានថ្លែងថា «ខ្ញុំបាទក្នុងនាមជាអតីតសិក្ខាកាមឆត្រយោងជំនាន់ទី២២ ​(PARA22) ពិតជាមានការសោកស្តាយខ្លាំងបំផុតចំពោះលោកគ្រូ លឹម សាយ ដែលបានទទួលមរណភាព សូមលោកគ្រូទៅកាន់លោកខាងមុខ»។

ចំណែកហ្វេសប៊ុកមួយទៀតឈ្មោះ «សឹង្ហ ជ័យ»បានថ្លែងថា «ក្នុងនាមជាសមាជិកទ័ពឆត្រយោងជំនាន់ទី២៣ សូមចូលរួមសោកស្ដាយជាទីបំផុតចំពោះការបាត់បង់ លោកគ្រូ លឹម សាយ ដែលបានពលីក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) នេះគឺជាការបាត់បង់នូវធនធានការពារជាតិ គ្រូបង្វឹកដ៏ល្អមានបទពិសោធន៍ ចំពោះកងយោធពលខេមរភូមិន្ទ ខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកគ្រូ ទៅកាន់សុគតិភព»។

រីឯលោកទិត្យ វិច្ឆិកា ដែលជាគ្រូបង្វឹកបានថ្លែងថា «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ​ចំពោះការបាត់បង់នាយទាហានដ៏ល្អមួយរូប។ មិត្តភាពជាគ្រូរបស់ពួកខ្ញុំ តួនាទីជាមេបញ្ជាការ ជាបងប្រុសដ៏ល្អម្នាក់របស់ពួកខ្ញុំដែលជា PARA KOMANDO ជំនាន់ក្រោយគឺត្រូវបានបញ្ចប់...អ្វីៗត្រូវបាត់បង់ទាំងអាល័យនៅសល់តែរូបថតអនុស្សាវរីយ៍តែប៉ុណ្ណោះ»។

លោក ទិត្យ វិច្ឆិកា បន្តថា «ពេលដែលយន្តហោះ ហោះឆ្ពោះទៅដល់ជិតគោលដៅដែលត្រូវលោតចេញ ត្រចៀករបស់ខ្ញុំគឺខំប្រឹងផ្ទៀងស្តាប់ពាក្យពីរម៉ាត់ដែលបងតែងតែស្រែកបញ្ជាមកខ្ញុំ គឺពាក្យ Stand-By & Go ពាក្យពីរម៉ាត់នេះគឺមានន័យគ្រប់គ្រាន់សម្រាប់ឱ្យខ្ញុំប្រុងប្រយ័ត្ននិងបញ្ជាឱ្យសិក្ខាកាមគ្រប់រូបលោតចេញពីយន្តហោះដោយសុវត្ថិភាព...តែចាប់ពីពេលនេះទៅសម្លេងស្រែកបញ្ជារបស់បងមកកាន់ប្អូនគឺលែងមានទៀតហើយ.. គឺលែងឮជារៀងរហូត...បងប្រុសសូមបងទៅកាន់សុគតិភពចុះណាបងប្រុស...ខ្ញុំនឹងទៅគោរពវិញ្ញាណក្ខន្តបងបន្ទាប់ពីខ្ញុំចូលរួមចែកសញ្ញាបត្រប៉ារ៉ាជូនប្អូនៗសិក្ខាកាមជំនាន់ទី២៩រួចរាល់...ពេលនេះអារម្មណ៍របស់ខ្ញុំពិតជាពិបាកនិងសោកស្តាយខ្លាំងណាស់នៅការចាកចេញរបស់បងប្រុសដែលមិនអាចវិលត្រឡប់មកវិញបានជារៀងរហូត»។

ចំណែកលោកឡេង ណាវ៉ាត្រា បានថ្លែងថា «ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូបរស់ក្រោមដំបូលសន្តិភាព គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរសេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។  ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ ២៥០០០ដុល្លារ (ពីមុឺនប្រាំពាន់ដុល្លារ) ដែលជូនទៅគ្រួសារនៃសព (១៥០០០ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន(មួយម៉ឺនដុល្លារ) ។ សូមក្រុមគ្រួសារនៃសពទាក់ទងមក បងហេងឡុង ដើម្បីទទួលប្រាក់នេះឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ»។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀត១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកុម្ម៉ង់ដូជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ។ 

លោកវរសេនីយ៍ត្រី លឹម សាយ បានលោតខុសលក្ខណ: បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើឱ្យមានគ្រោះថ្នាក់រងរបួសធ្ងន់។ពោលគឺ មូលហេតុនៃការធ្លាក់នេះគឺដោយសារពេលលោតឆត្រយោងទាក់ខ្សែគ្នាទើបធ្លាក់មកដីតែម្តង  ។

បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២និង៣០នាទីទើបអង្គភាពទទួលបានដំណឹងថា«លោកវរសេនីយ៍ត្រី លឹមសាយ បានពលីជីវិតទៅហើយ»។

សូមបងប្អូនមិត្តភក្តិរួមជំនាន់ និង អតីតសិស្សឆត្រយោង សិស្សកុម្ម៉ង់ដូទាំងអស់ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពតាមប្រពៃណី តាមការគួរ សូមបងប្អូនជ្រាបជាដំណឹង៕

adverise with khmeread